ព័ត៌មានជាតិ

រន្ធត់! ម៉ូតូ២គ្រឿងបុកគ្នា ខ្ទាតចូលរថយន្តដឹកដែក ស្លាប់និងរបួស៤​នាក់ នៅតាកែវ

តាកែវៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងម៉ូតូបើកបុកម៉ូតូ ក្នុងទិសដៅបញ្រ្ចាសគ្នា រួចក៏ខ្ទាតចូលរថយន្តដឹកដែក បណ្តាលឲ្យភាគីខាងម៉ូតូ និងអ្នករួមដំណើរ របួសធ្ងន់ចំនួន២នាក់ សា្លប់២នាក់ នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧
ស្ថិតលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៧០-៧១ ភូមិច្រេស សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ មាស សៀក ភេទប្រុស អាយុ៣៤ឆ្នាំ(ស្លាប់) ស្នាក់នៅភូមិតាសំ ឃុំបឹងក្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ បើកម៉ូតូម៉ាកហុង ដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខកំពង់ចាម 1Q-7137។ រីឯជនរងគ្រោះឈ្មោះ ភឹម ហ៊ា ភេទប្រុស អាយុ២០ឆ្នាំ(របួសធ្ងន់) បើកម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខតាកែវ 1M-2633 និងអ្នករួមដំណើរ២នាក់ទី១ឈ្មោះ ម៉េង រស្មី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ(របួសធ្ងន់) ទី២ឈ្មោះ ភឹម ហ៊ត ភេទប្រុស អាយុ១៨ឆ្នាំ(ស្លាប់) ទាំង៣នាក់ស្នាក់នៅភូមិរូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ចំណែកម្ចាស់រថយន្តពុំស្គាល់អត្តសញ្ញាណនោះទេ បើករថយន្តម៉ាកនីសាន់ ពណ៌លឿង ពាក់ស្លាកលេខបាត់ដំបង 5A-0007 ប្រភេទរថយន្តដឹកដែក។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនីតិវិធីក្នុងការឃាត់ខ្លួនម្ចាស់រថយន្ត មកដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់