ភ្នំពេញៈ មានការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមផ្លូវយ៉ាងខ្លាំង បន្ទាប់ពីរថយន្តក្រុង២គ្រឿង បើកកៀរគ្នា ត្រង់ចំណុចរង្វង់មូលទួលគោក ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង១២និង២០នាទីថ្ងៃត្រង់ ទី៥ ខែសីហា ឆ្នាំ២០១៦នេះ។
នៅមុនពេលកើហេតុគេឃើញរថយន្តក្រុងរបស់ក្រុមហ៊ុន រិទ្ធិមុនី និងរថយន្តក្រុងសាលារាជធានីភ្នំពេញ បើកបរស្របទិសគ្នាពីត្បូងទៅជើង តាមបណ្តោយផ្លូវ២៨៩ មកដល់រង្វង់មូលទួលគោក មានការកៀរ ដោយរថយន្តក្រុងរិទ្ធិមុនី ពណ៌សលាយលឿង ស្លាកលេខភ្នំពេញ 3B-6003 ខូចខាតកញ្ចក់មើលក្រោយ និងកាងមុខផ្នែកខាងស្តាំដៃ រីឯរថយន្តក្រុងសាលារាជធានីភ្នំពេញ ពណ៌សលាយទឹកក្រូច ស្លាកលេខ រដ្ឋ៣៧ 3-0056 កំពិត និងឆ្កូតពាក់កណ្តាលរថយន្តផ្នែកខាងឆ្វេងដៃ។
តៃកុងរថយន្តក្រុងរិទ្ធិមុនីបានប្រាប់ថា គាត់ធ្វើដំណើរពីផ្លូវជាសុផារ៉ាទៅក្រុមហ៊ុននៅជិតអតីតផ្សារស៊ីតនីបត់មកផ្លូវ២៨៩ មកដល់រង្វង់មូល ក៏ស្រាប់តែរថយន្តក្រុងសាលារាជធានីភ្នំពេញមកពីក្រោយវ៉ាខាងស្តាំដៃ បានខោករថយន្តរបស់គាត់កន្លែងកញ្ចក់ហើយគាត់បានជាន់ហ្វាំងឈប់ តែរថយន្តក្រុងសាលារាជធានីភ្នំពេញមិនគេចទេ ក៏គោសទាំងកាងមុខផ្នែកខាងស្តាំដៃរបើករងការខូចខាតបន្តិចបន្តួច ហើយបានអែមខាងចុះមកពីលើរថយន្តមិននិយាយអ្វីសោះរង់ចាំអ្នកមកចរចា។
តៃកុងរថយន្តក្រុងសាលារាជធានីមិនបាននិយាយអ្វីច្រើនទេ គ្រាន់តែប្រាប់ថា រថយន្តគាត់មិនបានវ៉ាទេ មើលតែក្បាលរថយន្តផុតប្រវែងណាហើយ គឺរថយន្តក្រុងក្រុមហ៊ុនរិទ្ធិមុនីជាអ្នកកៀររថយន្តគាត់។
បច្ចុប្បន្នរថយន្តក្រុងទាំង២ត្រូវនរគបាលចរាចរណ៍ធ្វើកាតវាស់វែងនិងយករក្សាទុកបណ្តោះអាសន្ន នៅស្នងការដ្ឋាននរគបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី៕
មតិយោបល់