ព័ត៌មានជាតិ

លួចលុយក្រុមហ៊ុនខេធីម ជាង៥ពាន់ដុល្លារ គេចមិនផុត​ជាប់ខ្នោះ!

ភ្នំពេញៈ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៣និង៥០នាទីរសៀល កម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភលើទំនុកចិត្ត ដោយបានយកលុយក្រុមហ៊ុនចំនួន៥៣៩៣ដុល្លារ ដែលប្រព្រឹត្តនៅត្រង់ចំណុចក្រុមហ៊ុនខេមធីម មានទីតាំងផ្ទះលេខ៣៨សេ ផ្លូវលេខ២៥៧ ក្រុម១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក កាលពីអំឡុងខែតុលា ឆ្នាំ២០១៧។

ជនសង្ស័យឈ្មោះ យ៉ា រិទ្ធី ហៅ រិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្នែកលក់ក្រុមហ៊ុនខេមធីមត្រេឌីង ស្នាក់នៅផ្ទះលេខ៨A ផ្លូវលេខ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោ រាជធានីភ្នំពេញ និងជនរងគ្រោះឈ្មោះ តឹង ភួង ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកតំណាងក្រុមហ៊ុនខេមធីមត្រេឌីង ស្នាក់នៅផ្ទះលេខ១៦អឺសារ៉ូ ផ្លូវលេខ២៥៧ ក្រុម១៣ ភូមិ៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

មុនពេលកើតហេតុ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៧ ជនសង្ស័យបានចូលបម្រើការងារ នៅក្នុងក្រុមហ៊ុនរបស់ជនរងគ្រោះជាបុគ្គលិកផ្នែកលក់ ហើយមានតួនាទីជាអ្នកដើរប្រមូលលុយ ដែលខ្លួនបាន លក់ផលិតផល លុះរហូតដល់កំឡុងខែតុលា ឆ្នាំ២០១៧ ខាងក្រុមហ៊ុនបានចាត់បុគ្គលិកឲ្យស៊ើបពីជនសង្ស័យ ពីព្រោះជនសង្ស័យ ពុំបានយកលុយមកទូរទាត់ឲ្យក្រុមហ៊ុនទេ ដែលមានទឹកប្រាក់រហូតដល់ទៅ៥៣៩៣ដុល្លារ ហើយបានគេចវេសពីក្រុមហ៊ុន រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ខាងក្រុមហ៊ុនក៏បានឃាត់ ជនសង្ស័យមកប្រគល់ឲ្យសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលទឹកល្អក់៣ ដើម្បីសាកសួរនិងកសាងសំណុំរឿង រួចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

មតិយោបល់