ភ្នំពេញៈ បុរសអ្នករត់ម៉ូតូឌុបម្នាក់ ដែលតាមប្រពន្ធរបស់គាត់ប្រាប់ថា គាត់មានជំងឺខ្សោយបេះដូងជាង២ឆ្នាំកន្លងមកហើយ ព្យាបាលមិនជាសោះ ស្រាប់តែពេលនេះបានគាំងបេះដូងស្លាប់ ខណៈដែលកំពុងដេកជិតប្រពន្ធនៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង។
ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងបន្ទប់ផ្ទះជួលស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសរងគ្រោះខាងលើនោះឈ្មោះមាង ភឿង អាយុ៤៧ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានស្រុកកំណើតនៅក្នុងខេត្តកំពង់ចាម គាត់មានប្រពន្ធឈ្មោះ ហឹន វេ អាយុ៤៩ឆ្នាំ។ ហើយគាត់មានទីលំនៅអចិន្ត្រៃយ៍ស្រុកកំណើតខាងប្រពន្ធស្ថិតនៅក្នុងភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង និងស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ។
ស្រ្តីជាប្រពន្ធបានរៀបរាប់ថា នៅវេលាយប់ថ្ងៃទី២៣ ខែធ្នូ ក្រោយត្រឡប់មកពីរត់ម៉ូតូឌុបវិញ គាត់និងប្ដីបានហូបបាយជុំគ្នារួចបានចូលដេកជាធម្មតាដូចរាល់ដងដែរ។លុះដល់វេលាទៀបភ្លឺប្ដីគាត់បានក្រោកអង្គុយជក់បារីអស់១ដើមទើបចូលដេកវិញបន្តទៀត ពេលនោះក៏ស្រាប់តែសន្លប់លែងដឹងខ្លួនតែម្ដង។
ប្រភពដដែលបានបន្តទៀតថា ពេលនោះគាត់បានដឹងច្បាស់ណាស់ថាប្ដីប្រាកដជាជំងឺបេះដូងរើឡើងនិងគាំងបេះដូងហើយព្រោះប្ដីគាត់មានជំងឺខ្សោយបេះដូងរយៈពេលជាង២ឆ្នាំកន្លងមកហើយ។ ទើបពេលនោះគាត់ប្រញាប់ប្រញាល់ហៅរថយន្តសង្គ្រោះបន្ទាន់ដើម្បីបញ្ជូនប្ដីទៅកាន់មន្ទីរពេទ្យ ប៉ុន្តែពេលក្រុមសង្គ្រោះទៅដល់ពិនិត្យមើលហើយប្រាប់ថាប្ដីគាត់ស្លាប់បាត់ហើយដែលពិតជាមានការតក់ស្លុតខ្លាំងណាស់។
តាមនគរបាលបានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ១ រួមជាមួយកម្លាំងនគរបាលផ្នែកបច្ចេកទេសខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការពិនិត្យហើយឃើញថាជនរងគ្រោះដ្លាប់ដោយជំងឺគាំងបេះដូង ចំណែកសាកសពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/v-TNWhUTSDI
មតិយោបល់