ព័ត៌មានជាតិ

ភាពអនាធិបតេយ្យតាមដងផ្លូវ នៅតែកើតមាន ខណៈអាជ្ញាធរ អះអាងនូវវិធានការ ដ៏ក្តៅគគុក

(ភ្នំពេញ)៖ នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០១៦ ដែលនឹងមកដល់នៅថ្ងៃខានស្អែកនេះ គេសង្កេតឃើញមានរថយន្តដឹកអ្នកដំណើរតាមដងផ្លូវនានា ចេញពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តផ្សេងៗ នៅតែមានសកម្មភាពអនាធិបតេយ្យ រញ៉េរញ៉ៃ ឡើងថ្លៃខ្ពស់ជាងថ្ងៃធម្មតា និងមានដឹកអ្នកដំណើរលើសការកំណត់លើដំបូល ដឹកឥវ៉ាន់សំពីងសំពោងនៅចំពោះមុខមន្រ្តីនគរបាលចរាចរណ៍ ខណៈដែលអាជ្ញាធរ បានអះអាងពីវិធានការ និងចំណាត់ការ យ៉ាងក្តៅគគុក ទៅលើរឿងនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ ក៏ដោយ។

ជាក់ស្តែងថ្ងៃនេះ នៅតាមបណ្តោយផ្លូវជាតិ លេខ៦A ចាប់ពីរង្វង់មូលគល់ស្ពានខាងលិច រហូតដល់សង្កាត់ព្រែកលាប គេឃើញមានរថយន្ត តួរីស នីសាន់ មានភាពអានាធិបតេយ្យ ពេញដងផ្លូវ មានការរត់ដេញចាប់ម៉ូយ ដាក់មនុស្សជិះលើដំបូល ដឹកសំពីងសំពោង ដែលងាយប្រឈមនឹងគ្រោះថ្នាក់ ដោយអាចកើតមានជាយថាហេតុ។

ជាមួយគ្នានោះដែរ គេក៏សង្កេតឃើញមានមន្រ្តីនគរបាលចរាចរ ឈរព្រោងព្រាត នៅក្បែសកម្មភាពទាំងនោះ និងមានកងកម្លាំងរថយន្តល្បាតរបស់កងរាជអាវុធហត្ថ ផងដែរ។ ប៉ុន្តែសកម្មភាពមិនគោរពច្បាប់ចរាចរណ៍របស់បងប្អូន អ្នកបើកបររថយន្តដឹកអ្នកដំណើរទាំងនោះ ហាក់មិនថមថយ និងមានសកម្មភាពដដែលជាដដែល ផ្ទុយពីការអះអាងលើចំណាត់ការទប់ស្កាត់ភាពអនាធិបតេយ្យទាំងនោះ។

សាធារណៈជន ដែលបានឃើញសកម្មភាពទាំងនោះ បានធ្វើការរិះគន់ថា ប្រហែលជាមានការចាប់ដៃ ទទួលយកការដូរចូលឆ្នាំថ្មី ពីម្ចាស់រថយន្តទាំងនោះហើយ បានជាពួកគាត់អាចធ្វើសកម្មភាពអនាធិបតេយ្យ បែបនេះបាន នៅចំពោះមុខមន្រ្តីជំនាញ យ៉ាងគគ្លើនដូច្នេះ ដោយមិនគិតពីគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សដូចនេះ ?៕

photo_2016-04-10_16-31-05

មតិយោបល់