ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនសន្តិសុខក្រុមហ៊ុន CPS ម្នាក់ ក្រោយវាយស្ត្រីផ្នែកអនាម័យម្នាក់បែកភ្នែកម្ខាង

ភ្នំពេញៈ ស្រ្តីជាអ្នកអនាម័យម្នាក់ បានរងរបួសត្រង់ភ្នែកខាងឆ្វេងម្ខាងយ៉ាងធ្ងន់ធ្ងរ ក្រោយពីរូបនាង ត្រូវបានបុរសជាសន្តិសុខ ក្រុមហ៊ុនឯកជនមួយឈ្មោះ CPS វាយមួយដៃទៅលើនាង ដោយសារទាស់ពាក្យសម្ដីគ្នា ក្នុងរឿងយកង់ទៅទុកខុសកន្លែង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០៩ និង ៣០នាទីព្រឹក ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៨ នៅចំណុច ហាងបាយមួយកន្លែង ដែលមានឈ្មោះ តេប៉ាក់ ផ្លូវ ៤៣២ កែងផ្លូវ ១៨៧ ម្តុំខាងក្រោយមន្ទីរពេទ្យរុស្ស៊ី ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះមានឈ្មោះ ធ ស.ព អាយុ ២២ឆ្នាំ បម្រើការងារនៅកន្លែងខាងលើ ផ្នែកអនាម័យ និងមានទីលំនៅក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចំណែកឯជនដៃដល់មានឈ្មោះ រ. ស.រ អាយុ ២៧ឆ្នាំ ជាសន្តិសុខឯកជន របស់ក្រុមហ៊ុន CPS និងយាមនៅកន្លែងកើតហេតុខាងលើ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះ បានជិះកង់របស់នាង ទៅចតនៅមាត់ទ្វារោងបាយខាងក្រោយ ដោយខុសកន្លែង ភ្លាមនោះ បុរសជាសន្តិសុខ ក៏បានទៅប្រាប់ឲ្យយកទៅទុកខាងមុខវិញ តែរូបនាងមិនព្រមធ្វើតាម ទើបបង្កឲ្យទាស់ពាក្យសម្ដីគ្នា រហូតឈានដល់បុរស ជាសន្តិសុខវាយមួយដៃទៅលើនាង ត្រូវចំភ្នែក បណ្តាលឲ្យរងរបួសតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ធ្វើការ និងចាប់ឃាត់ខ្លួនបុរសជាសន្តិសុខដៃដល់ រួចនាំស្រ្តីអ្នកអនាម័យរងគ្រោះ ឲ្យមកធ្វើការសម្របសម្រួលគ្នា ដោយជនរងគ្រោះ ទារជំងឺចិត្តចំនួន ២ពាន់ដុល្លារ តែបុរសជាជនដៃដល់ គ្មានលុយសង ក៏ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅកាន់នគរបាលខណ្ឌចំការមន ធ្វើការដោះស្រាយគ្នា ជាបន្តទៅទៀត៕

មតិយោបល់