ភ្នំពេញៈ បុរស២នាក់ជាមន្រ្តីរបស់សាលាខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ តាមឃាត់ខ្លួន ក្រោយពីពួកគេ បានបើករថយន្តទៅបុកម៉ូតូរបស់នារីម្នាក់ ដែលកំពុងជិះតាមដងផ្លូវ ហើយខឹងនារីរងគ្រោះថាឲ្យ ក៏បើករថយន្តមកដេញតាម រួចឈប់រថយន្ត បើកទ្វារចុះលោតមកធាក់ រហូតដួលម៉ូតូនារីរងរបួសថែមទៀតផង។
ជនសង្ស័យទាំងពីរ ទី១ឈ្មោះ ស៊ី សុវណ្ណរិទ្ធ អាយុជាង៣០ឆ្នាំ ជាមន្រ្តីនៅសាលាខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោយស្រ្តីរងគ្រោះដាក់ពាក្យប្តឹង បន្ទាប់ពីកើតហេតុភ្លាមៗ នៅល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីនារីជនរងគ្រោះ ឈ្មោះ ឆែ សុផល អាយុជាង២០ឆ្នាំ មុខរបរបុក្គលិកក្រុមហ៊ុន បានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ នាងកំពុងបើកម៉ូតូចេញពីកន្លែងធ្វើការ នៅទឹកដីខណ្ឌទួលគោក គោលបំណងមកផ្ទះ លុះពេលមកដល់ផ្លូវ២០០៤ ត្រង់ចំណុចស្ថានីយ៍ប្រេងតូតាល់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្រាប់តែជនសង្ស័យទាំង២នាក់ បើករថយន្តម៉ាកកូរ៉ូឡា អេស ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2Q-4653 មកបុកនាងពីក្រោយ។ ដោយសារនារីខឹង ក៏លាន់មាត់ជេរបន្តិចបន្តួច ហើយបន្តដំណើរទៅមុខ ស្រាប់តែពួកគេទាំង២នាក់ បើករថយន្តតាមពីក្រោយ ហើយបានបើកទ្វារចុះមកទាត់ធាក់ បណ្តាលឲ្យដួលរងបួសតែម្តង។
ក្រោយពីកើតហេតុភ្លាមៗនារីរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ច ឃាត់ខ្លួនជនបង្កដែលគេដឹងថា ជាមន្រ្តីរបស់សាលាខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរួច សមត្ថកិច្ចក៏ធ្វើរការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ បានភ្លាមៗផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំ២ កំពុងស្ថិតក្នុងការសួរនាំ នៅអធិការខណ្ឌ ដើម្បីចាត់ការបន្តតាមនិតិវិធី៕
មតិយោបល់