កណ្តាលៈ ប្រជាលដ្ឋជិត២០០០នាក់ រស់នៅក្នុងភូមិព្រៃបាំង ភូមិម៉ែបាន ភូមិកំពុងល្វា ភូមិស៊ីធរលិច ភូមិស៊ីធរកើត និងភូមិទួលពង្រ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល បាននាំគ្នាប្រមូលផ្តុំនៅវត្តព្រៃបាំង ធ្វើការតវ៉ានិងសកម្មភាពរបស់ជនម្នាក់បានចាក់ដីលុបស្រះទឹកក្នុងវត្ត និងបិទផ្លូវរំលោភយកទៅធ្វើកម្មសិទ្ធផ្ទាល់ខ្លួន។
ហេតុការណ៍តវ៉ានេះធ្វើឡើកាលពីព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៦ នៅវត្តព្រៃបាំង ស្ថិតក្នុងភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បើតាមតំណាងប្រជាពលរដ្ឋឈ្មោះ នឿន រិន បានឱ្យដឹងថា ដីស្រះទឹកក្នុងវត្តព្រៃបាំងនេះ គឺជាទ្រព្យសម្បត្តិសាធារណៈដែលពួកគាត់ទាំងអស់គ្នាប្រើប្រាស់ជាយូរលង់ណាស់មកហើយ រហូតមកដលក់សព្វថ្ងៃនេះ។ ស្រាប់តែនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៦នេះ មានជនម្នាក់ឈ្មោះ អេង ចំរើន បានធ្វើសកម្មភាពចាក់ដីលុបស្រះទឹកក្នុងវត្ត និងបិទផ្លូវខ្នងទំនប់ស្រះទឹករំលោភយកធ្វើជាកម្មសិទ្ធរបស់ខ្លួន ដោយអះអាងថា ដីស្រះនេះជាដីរបស់ខ្លួន ហើយមានលិខិតបញ្ជាក់សិទ្ធិកាន់កាប់ដីធ្លី ទទួលស្គាល់ពីមេភូមិទៀតផង ។ ដោយមើលឃើញសកម្មភាពចាក់ដីរំលោភយកដីស្រះជាទ្រព្យសម្បត្តិសាធារណៈនេះ ពួកគាត់បានផ្តិតមេដៃធ្វើលិខិតស្នើសុំដល់លោកមេឃុំស៊ីធរ ឱ្យជួយរកដំណោះស្រាយ តែមកដល់ថ្ងៃនេះ អាជ្ញាធរមិនមានដំណោះស្រាយឲ្យពួកគាត់ឲ្យបានសមរម្យនោះទេ ។
តំណាងប្រជាពលរដ្ឋដដែលបន្តថា ពួកគាត់ប្រមូលផ្តុំធ្វើការតវ៉ាថ្ងៃនេះ គឺសូមសុំណូមពរដល់ លោកអភិបាលខេត្តកណ្ដាល ឱ្យជួយរកយុត្តិធម៌ ព្រោះបុគ្គលឈ្មោះ អេង ចំរើន នៅតែបន្តធ្វើសកម្មភាពចាក់ដីលុបស្រះទឹកយកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ហើយថែមទាំងចិញ្ចឹមជ្រូក និងត្រីក្នុងស្រះនោះទៀត ធ្វើឲ្យខូចបរិស្ថាន ទឹកស្អុយ មិនអាចដងយកទៅប្រើប្រាស់បានទេ ហេតុដូច្នេះពួកសូមសំណូមពរឲ្យសាម៉ីខ្លួនម្នាក់នោះរើចេញពីដីវត្តដើម្បីទុកស្រះទឹកមួយនេះប្រើប្រាស់ជាប្រយោជន៍រួម ។
ប្រជាពលរដ្ឋបញ្ជាក់បន្ថែមថា ទោះបីជនរូបនេះរំលោភបំពានយកផ្លូវសាធារណៈ និងដីវត្តយ៉ាងនេះក្តី ក៏អាជ្ញាធរឃុំ-ស្រុក មានការព្រងើយកន្តើយ ហើយលោកអភិបាល អភិបាលរងស្រុកទទួលផែនដោះស្រាយវិវាទដីធ្លី មិនបានយកចិត្តទុកដាក់ពីការរំលោភទន្ទ្រានយកដីវត្ត និងដីសធារណៈនេះទេ ទោះបីប្រជាពលរដ្ឋបានព្យាយាមសុំជំនួយអន្តរាគមន៍ពីលោកមេឃុំ មេស្រុក ជាច្រើនលើកច្រើនសារមកហើយក្តី ។
ពាក់ព័ន្ធនឹងកករណីដែលឈ្មោះ អេង ចំរើន អះអាងថា មានលិខិតបញ្ជាក់សិទ្ធិកាន់កាប់ដីធ្លី លោក ផល សុភ័ណ មេភូមិព្រៃបាំង បានឱ្យដឹងថា ដីស្រះទឹកខាងលើ ពិតជាដីវត្តសម្បត្តិសាធារណៈប្រាកដមែន ហើយលិខិតបញ្ជាក់សិទ្ធិនោះ ធ្វើឡើងសម្រាប់ឱ្យសាម៉ីខ្លួន (អេង ចំរើន) ខ្ចីប្រាក់ពីធនាគារតែប៉ុណ្ណោះ ហើយគេខ្ចី ឬមិនខ្ចីគាត់ក៏មិនបានដឹងដែរ ដូចនេះលិខិតបញ្ជាក់នេះ មិនមានប្រសិទ្ធភាពនោះឡើយ៕




មតិយោបល់