ព័ត៌មានកីឡា

Xavi៖ Messi នៅតែល្អជាង Ronaldo

អតីតកីឡាករដ៍ឆ្នើម របស់ក្រុមជម្រើសជាតិអេស្ប៉ាញ និង Barcelona កីឡាករ Xavi Hernandez បានពោលពាក្យសរសើរ មិត្តរួមក្រុម Lionel Messi ថាមានសមត្ថភាពល្អជាង កំពូលខ្សែប្រយុទ្ធរបស់ក្រុមអធិ​រាជស Real Madrid គឺកីឡាករ Cristiano Ronaldo ទៅទៀត។

បើតាមរបាយការណ៍ ដែលទទួលបានពី The Goal បានឲ្យដឹងថា ក្រោយពីឈ្នះ Balon D’Or ជាលើកទី៥ Ronaldo បានអួតខ្លួនឯងថា ជាកីឡាករដែលល្អជាងគេ​លើលោក ដែលធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងទាំងវិជ្ជមាន និងអវិជ្ជមាន។ យ៉ាងណាវិញនោះ Xavi Hernandez ហាក់មិនយល់ស្របជាមួយនឹងអ្វីដែល Ronaldo បានលើកឡើងឡើយ ដោយអតីតកីឡាកររបស់ក្រុម​ Barcelona រូបនេះ បានឲ្យដឹងផ្ទុយមកវិញថា Lionel Messi ទើបសាកសមជាកីឡាករល្អជាងគេលើលោក នា​ពេលបច្ចុប្បន្ននេះ។ Xavi បានឲ្យដឹងតាមប្រភពខាងលើនេះថា ថ្វីបើ Ronaldo កំពុងតែឈ្នះពានរង្វាន់ជាបន្តបន្ទាប់មែន តែពានរង្វាន់ទាំង​អស់នេះ កើតចេញពីសមទ្ធិផល របស់ Real Madrid ដែលទទួលបានកាលពីរដូវកាលមុនប៉ុណ្ណោះ។ យ៉ាងណាវិញ បើនិយាយពីសមត្ថភាពលេងវិញ Messi គឺល្អជាង​ Ronaldo ឆ្ងាយណាស់ ដូចដែលដឹងស្រាប់ខ្សែការពារល្អៗ ជាច្រើនសុទ្ធតែសរសើរពី​សមត្ថភាព របស់ Lionel Messi តាមរយ:ការពិបាករារាំង នៃការបណ្តើរបាល់របស់កីឡាករអាហ្សង់ទីនរូបនេះ។​

ចំពោះ Ronaldo វិញ កីឡាកររូបនេះ ពិតជាពោរពេញដោយសមត្ថភាព និងកម្លាំងមែន តែនាពេលបច្ចុប្បន្ននេះ Ronaldo មិនដូចមុនឡើយ ដោយតារាសំណាងរបស់ Real Madrid រូបនេះ ភាគច្រើន​រង់ចាំបាល់បោះឲ្យស៊ុតប៉ុណ្ណោះ ដែលខុសកាលពីប៉ុន្មានឆ្នាំ​មុន Ronaldo ជាកីឡាករពូកែអូសបាល់ស៊ុត ខណ: Messi មិនទាន់ធ្លាក់ទម្រង់លេងនៅឡើយទេ។ តាមរយ:ហេតុផលខាងលើនេះ Xavi Hernandez នៅតែជឿជាក់ថា Lionel Messi គឺជាកីឡាករដែលល្អជាងគេលើលោក នាពេលបច្ចុប្បន្ននេះ មិនមែន Cristiano Ronaldo ឡើយ។

មតិយោបល់