ព័ត៌មានជាតិ

ក្រុមក្មេងទំនើងដែលកាប់ចាក់គ្នាស្លាប់ម្នាក់ ចាប់បានបន្តបន្ទាប់ហើយ..

ភ្នំពេញៈ យុវជនដែលជាជនរងគ្រោះ២នាក់ ដែលរងរបួសក្នុងហិង្សាដេញវាយ និងកាប់ចាក់គ្នាបន្ទាប់ពីចប់ការរាំរែកក្នុងពិធីមង្គលការ នៅក្នុងភូមិសែនសុខទី៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតម្នាក់ហើយ បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យ បានប្រមាណជាង២ម៉ោង ។

ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះ មាន ឈ្មោះ អេង តារ៉ា អាយុ២៧ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណើតភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះរូបនោះត្រូវបានគូទំនាស់កាប់ជាច្រើនកាំបិត ចំក្បាល និងដៃទាំង២ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយបានដាច់ខ្យល់ស្លាប់កាលពីវេលាម៉ោងប្រមាណ៤ទៀបភ្លឺ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តអន្លង់ក្ងាន ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

បន្ទាប់ពីមានអំពើហិង្សាកាប់ស្លាប់ម្នាក់ និងរបួសម្នាក់ កម្លាំងនគរបាលខណ្ឌសែន បានចុះធ្វើការស្រាវជ្រាវជាបន្ទ្រាន់ ដោយឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នេះ ។

តាមនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា មនុស្សចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនមកសាកសួរ ។ តាមព័ត៌មានឲ្យដឹងថា ក្នុងចំណោមជនទាំង៦នាក់ មាន៣នាក់ជាមនុស្សញៀនថ្នាំ ហើយត្រូវបានសមត្ថកិច្ចអះអាងថា ជាអ្នកចូលរួមផងដែរ ។ ទោះបីជាយ៉ាងណា ជននោះពុំបានសារភាពឡើយ ។

ទាក់ទិនការដេញកាប់ចាក់គ្នានេះ ដោយមនុស្ស២ក្រុមនេះប្រដាប់ដោយដាវ កាំបិត បំពង់ទីប គេពុំទាន់ដឹងពីមូលហេតុច្បាស់នៅឡើយ ដែលគេសង្ស័យជាជម្លោះក្រុមអ្នកលេងក្នុងភូមិ ដែលរាំជាន់ជើងគ្នា ឬទំនាស់គ្នារឿងស្រីនៅឡើយទេ៕

មតិយោបល់