ព័ត៌មានជាតិ

រឿងប៉ុណ្ណឹងសោះ! វាយគេបែកក្បាល សង៣០០ដុល្លារ..

ភ្នំពេញៈ មេការឃ្លាំងប្រចាំក្រុមហ៊ុនសិប្បកម្មចិនម្នាក់ បានទាញដែកទីបវាយសំពងកម្មករជាងផ្សារដែកម្នាក់ បណ្ដាលឲ្យរងរបួសរយះក្បាលដេរ៥ថ្នេរ គ្រាន់តែរឿងខឹងជនរងគ្រោះយកក្បាលផ្សារដែកថ្មីមកប្រើប្រាស់ មិនយកអាចាស់ខូចទៅជួសជុល។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងសិប្បកម្ម ផលិតឡដែក របស់ថៅកែចិន ខាងក្រោយផ្សារញ៉ូថោន ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

តាមប្រភពពីជនរងគ្រោះ បានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ ខណៈរូបគេធ្វើការផ្សារដែក ហើយក្បាល ផ្សារចាស់ខូច ខ្លួនបានទៅយកក្បាលផ្សារថ្មីមកប្រើ ដើម្បីបន្តការងារ ទើបធ្វើឲ្យជនបង្ក ជាមេការ មិនបានសួរហេតុផល បែរជារករឿងស្តីបន្ទោសជនរងគ្រោះទៅវិញហើយបានទាញយកដែកទីបមកវាយ បណ្តាលឲ្យរងរបួសបែកក្បាល ហូរឈាមជោគ រត់ទៅពេទ្យដេរ៥ថ្នេរ ផ្អើលសមត្ថកិច្ចចុះទៅសាកសួរនាំដល់កន្លែងកើតហេតុ តែជនបង្កមិនហ៊ានចេញពីសិប្បកម្មរងចាំបងស្រីមកដល់ សុំសម្របសម្រួល។

ជនរងគ្រោះ ឈ្មោះ សុខ វ៉ៃ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករផ្សារដែក ក្នុងសិប្បកម្មខាងលើ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិត្រពាំងឈូក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ចំណែកភាគីបង្ក ឈ្មោះ ឡាំ ឆេងរត្ន័ អាយុប្រហែល២៦ឆ្នាំ មុខរបរ ជាមេការឃ្លាំង សិប្បកម្មខាងលើ។

ក្រោយពីតំណាងភាគីទាំងសងខាងធ្វើការសម្រសម្រួលគ្នារួចមកទើបខាងជនបង្កព្រមសងសំណងជាទឹកប្រាក់ចំនួន៣០០ដុល្លារដើម្បីបញ្ចប់រឿង៕
https://youtu.be/QaR1tnXz1e0

មតិយោបល់