ភ្នំពេញៈ ចោរ១ក្រុមបានធ្វើសកម្មភាពកាត់លួសបន្លារបងរោងចក្រកាត់ដេរ អ៊ីហ្វា ហ្គាមិន រួចចូលទៅគាស់ទ្វាររោងចក្ររួចចូលទៅ ធ្វើការរុះរើបន្ទប់រដ្ឋបាល ព្រមទាំងចូលទៅក្នុងបន្ទប់របស់លោកអគ្គនាយករោងចក្រ ហើយលួចគាស់ទូដែកលួចលុយក្រុមហ៊ុន អស់រាប់ម៉ឺនដុល្លារ ក្នុងនោះក៏មានលុយផ្ទាល់ខ្លួនលោកចំនួន៩ពាន់ដុល្លារ រួមជាមួយឯកសារសំខាន់ៗ មួយចំនួនទៀតផងដែរ។ ចំណែកក្រុមចោរបានគេចខ្លួនបាត់ស្រមោល ដោយឡែកនៅយប់កើតហេតុ ក៏មានសន្តិសុខយាមនៅរោងចក្រនោះចំនួន៤នាក់ ផងដែរ ប៉ុន្តែមិនបានដឹងថាមានចោរចូលធ្វើសកម្មភាពនោះឡើយ ហើយក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ៣ រួមជាមួយនគរបាលបច្ចេកទេសនៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះទៅធ្វើការពិនិត្យកោសល្យវិច័យ និងស្រាវជ្រាវរកមុខសញ្ញាចោរ។
ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងរោងចក្រកាត់ដេរយីហោ អ៊ីហ្វា ហ្គាមិន ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីស្រ្តីឈ្មោះ អ៊ូ ចាន់ដាវី ហៅមីង អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅក្នុងស្រុកអង្គរជ័យ ខេត្តកំពត និងស្នាក់នៅក្នុងភូមិ ក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ បាននិយាយថា ទូដែកខាងលើនោះមានដាក់លុយរបស់ក្រុមហ៊ុន រាប់ម៉ឺនដុល្លារ ក្នុងនោះក៏មានលុយផ្ទាល់ខ្លួនរបស់លោកអគ្គនាយកក្រុមហ៊ុន ចំនួន៩ពាន់ដុល្លារផងដែរ ក្រៅពីនេះនៅមានឯកសារសំខាន់ៗមាន ដូចជាឯកសាររោងចក្រ ឯកសារធនាគារជាដើម ត្រូវបានចោរលួចយកទៅបាត់អស់។ នៅមុនពេលកើតហេតុទូដែកនោះត្រូវបាន ទុកនៅក្នុងបន្ទប់របស់លោកអគ្គនាយករោងចក្រ ហើយនៅវេលាយប់ថ្ងៃទី២៧ ខែធ្នូ ក៏ដូចជានៅយប់កន្លងមកដែរ នៅក្នុងរោងចក្រ មានក្រុមសន្តិសុខយាមចំនួន៤នាក់រហូត ដែលសន្តិសុខនោះត្រូវបានក្រុមហ៊ុនជួលពីក្រុមហ៊ុនសន្តិសុខយីហោ ឆេង ជែម(CJS) ។
ចំណែកកម្មករធ្វើការថែមម៉ោងដល់វេលាម៉ោង៨និង៣០នាទីយប់ ទើបចេញហើយខាងបុគ្គលិកគ្រប់ ផ្នែកក៏បានចេញទៅផ្ទះ សម្រាករៀងៗខ្លួនដែរ មិនមានអ្នកស្នាក់នៅក្នុងនោះក្រៅពីក្រុមសន្តិសុខទាំង៤នាក់នោះឡើយ ហើយក៏មិន បានដឹងថាក្រុមចោរ ចូលទៅធ្វើសកម្មភាពតាំងពីពេលណាដែរ។
នគរបាលបាននិយាយថា ក្រុមចោរបានកាត់លួសបន្លារបងរោងក្រផ្នែកខាងក្រោយចូលទៅធ្វើសកម្មភាព ហើយបើតាមការឆែក មើលកាមេរ៉ាសុវត្ថិភាព គឺក្រុមចោរមួយក្រុម មាន គ្នាច្រើននាក់ពាក់អាវមានមួកឃ្លុមបិទមុខថែមទៀត និងបានចូលទៅធ្វើសកម្ម ភាពនៅវេលាម៉ោងប្រហែល២និង៤២នាទីទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ហើយក្រុមចោរបានប្រើម៉ូទ័រកាត់ទម្លុះទម្លាយទូដែក នោះបើកយកលុយនិងឯកសារនៅក្នុងនោះ បន្ទាប់មកបាននាំ គ្នាគេចខ្លួនបាត់អស់ ។ចំណែកសន្តិសុខមិនដឹងថាបានដឹងឬធ្វើជា មិនដឹងទេ ប៉ុន្តែតាមការសន្និដ្ឋានក្រុមចោរអាចជាអ្នកបម្រើការងារនៅក្នុងនោះទើបដឹងពីកន្លែទុកដាក់ទូដែក និងដឹងថានៅក្នុងនោះ មានលុយច្រើន ហើយក៏សង្ស័យថាមានការចូលរួមឃុបឃិតពីសំណាក់ក្រុមសន្តិសុខដែលយាមវេនយប់នោះផងដែរ ទើបអាចចូល ទៅលួចរហូតប្រើម៉ូទ័រកាត់ថែមទៀតបានដោយរលូនបែបនេះ។
ទោះបីជាបែបណានគរបាលបានកំណត់បានមុខសញ្ញាខាងលើនោះ ខ្លះៗហើយនិងកំពុងធ្វើការស្រាវជ្រាវដើម្បីឈានដល់ការចាប់ខ្លួនចាត់ការតាមច្បាប់៕
https://youtu.be/3VkvULC9N8g
មតិយោបល់