ព័ត៌មានជាតិ

មន្ត្រីរាជការ បើករថយន្តបុកម៉ូតូ បុគ្គលិកអគ្គិសនីម្នាក់ដែលជិតចូលរោងការ បណ្តាលឲ្យរបួសធ្ងន់!

​ស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តហាយឡែនឌ័រ បានបើកបុកម៉ូតូស្មាស់ ដែលកំពុងជិះដោយនារីជាបុគ្គលិកអគ្គិសនីម្នាក់ ជិតចូលរោងការទៅហើយ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ករណីនេះកើតឡើងនៅម៉ោង២និង៥នាទីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ១ ភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកស៊ុយសាគីស្មាស់ ពណ៌ខ្មៅ ជិះដោយនារីម្នាក់ ឈ្មោះ នួន ស៊ីថា អាយុ២២ឆ្នាំ មុខរបរបុគ្គលិកអគ្គិសនី ដែលកំពុងជិះតែម្នាក់ឯង ពីកើតមកលិច បានបត់ឆ្វេង ក៏ត្រូវរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AA-9006 បើកដោយឈ្មោះ យូ ប៊ុនរ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមន្រ្តីរាជការ ក្នុងទិសដៅស្របគ្នាពេញទំហឹង បណ្តាលឲ្យនារីរងគ្រោះរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត តែធ្ងន់ពេក ក៏បញ្ជូនបន្តទៅប្រទេសវៀតណាម។​

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិការក្រុងស្វាយរៀង ដើម្បីដោះស្រាយនៅពេលក្រោយតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់