ព័ត៌មានជាតិ

អា កំសាក ដែលជំនាញឆបោកប្រាក់ និងទ្រព្យសម្បត្តិ ពេលនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ

ភ្នំពេញ: បុរសម្នាក់ជាអ្នកជំនាញប្រើវោហារស័ព្ទបន្ទន់ចិត្តដល់មិត្តភ័ក្របងប្អូនប្រើល្បិចបោកប្រាក់ និងទ្រព្យសម្បត្តិជាច្រើននាក់សរុបជាប្រាក់ជាង២ម៉ឺនដុល្លារត្រូវអស់ល័ក ក្រុមជនរងគ្រោះបាននាំគ្នាដាក់ពាក្យបណ្តឹង រួចសមត្ថកិច្ចចុះឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ ឆេង ពិទូ ហៅ អាកំសាក ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីជនរងគ្រោះជាច្រើនអ្នក សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា បុរសជាជនសង្ស័យខាងលើ បានប្រើគ្រប់ល្បិចបោកបញ្ឆោតខ្ចីទាំងម៉ូតូ ទាំងលុយកាក់ ទាំងមាសប្រាក់ សរុបជាង ១ម៉ឺនដុល្លារ ដើម្បីឲ្យចូលធ្វើការ អ្នកខ្លះទៀតរត់ការដោះលែងមនុស្ស អ្នកខ្លះទៀតឲ្យបានដាក់ឡានជួលឲ្យរោងចក្រ តែលទ្ធផលចុងក្រោយមានការរង់ចាំខាតពេលវេលា អ្នកខ្លះរកតែលុយបង់ថ្លៃបន្ទប់ជួលស្ទើរតែមិនបាន ដោយប្រើល្បិចពន្យាពេលថ្ងៃនេះ ថ្ងៃណោះជាច្រើនខែមកហើយ ដោយការអស់ទ្រាំរបស់ជនរងគ្រោះជាច្រើននាក់នោះ ទើបនៅព្រឹកថ្ងៃទី១៥ ខែមិថុនា នេះសម្រេចចិត្តប្តឹងសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង។

ក្រោយពីការឃាត់ខ្លួនរួចជនសង្ស័យខាងលើរួច សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងទទួលពាក្យបណ្តឹងជនរងគ្រោះបន្ថែមទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទោផ្នែកជំនាញ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត៕

មតិយោបល់