ព័ត៌មានជាតិ

បើខ្លាំងចាំបាច់រត់!​ អង្គុយសុខៗ ព្រួតគ្នាកាប់បុរសម្នាក់ មានអី..

បន្ទាយមានជ័យ: នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៨និង៤០នាទីយប់ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប្រព្រឹត្តហិង្សាដោយចេតនា បន្ទាប់ពីបានយកកាំបិតកាប់លើបុរសម្នាក់ បង្កឲ្យរបួសធ្ងន់ ស្ថិតត្រង់ចំណុចជិតស៊ុបប្រហិតត្រី ភូមិក្បាលស្ពាន១ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះមានឈ្មោះ ឈួន សាវីន ភេទប្រុស អាយុ៣៣ឆ្នាំ និងជនសង្ស័យឈ្មោះ ឆិល បារាំង ភេទប្រុស អាយុ១៩ឆ្នាំ ទាំង២នាក់ស្នាក់នៅបន្ទប់ជួលភូមិឃុំឃាត់ខ្លួនខាងលើ។

យោងតាមសម្តីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានអង្គុយផឹកស្រាបៀរជុំគ្នាជាមួយមិត្តភ័ក្រនៅក្នុងផ្ទះបងធម៌របស់ខ្លួនមានឈ្មោះ ម៉ង ភេទប្រុស អាយុ៣៦ឆ្នាំ នៅក្បែរកន្លែងលក់ប្រហិត ខណ:នោះស្រាប់តែលេចមុខជនសង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាពកាប់មកលើរូបខ្លួនចំនួន៣កាំបិត និង១ពូថៅ បណ្តាលឲ្យរបួសធ្ងន់ ព្រមទាំងវាយប្រតប់ជាមួយមិត្តភ័ក្រខ្លួនថែមទៀតផង ដោយពុំបានដឹងពីមូលហេតុនោះទេ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ភ្លាមៗនោះសមត្ថកិច្ចបានធ្វើអន្តរាគមន៍ ក្នុងការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឆិល បារាំង បានភ្លាមៗតែម្តង​ ចំណែកបក្ខពួក២នាក់ទៀតបានគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងនាំមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់