ភ្នំពេញៈ រថយន្តស៊េរីទំនើបម៉ាកBMWមួយគ្រឿង ដែលបើកបរដោយបុរសជនជាតិជប៉ុនម្នាក់ បើកទៅបុកឡាំប៉ាតា ដែលចតនៅស្ងៀមមួយគ្រឿងយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ជាតៃកុងរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅខាងមុខផ្ទះលេខ១៥A ផ្លូវ ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសម្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រៀត រ៉ាន់ អាយុ៣៤ឆ្នាំ មានទីលំនៅភូមិគោកព្រីង ឃុំគោកទ្រាប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកជនបង្កមានឈ្មោះ Kiyomi Koi អាយុ៥៨ឆ្នាំ បើករថយន្តម៉ាកBMW ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2V-3551។
មុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយនៅក្នុងឡាំប៉ាតា ព៌ណលឿងរបស់គាត់ ខណៈនោះស្រាប់តែមានរថយន្តស៊េរីទំនើបBMW បើកមកបុកចំពីមុខ អូសខ្ទាតជាង១០ម៉ែត្រ បង្កឲ្យជនរងគ្រោះរបួសធ្ងន់ធ្ងរតែម្តង។
ក្រោយកើតហេតុ បុរសជនរងគ្រោះបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។ ចំណែករថយន្តបង្កនិង ឡាំប៉ាតា យកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕
https://youtu.be/hYQjdxgY6RA
មតិយោបល់