ព័ត៌មានជាតិ

ម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង របួស២នាក់នៅតាកែវ

តាកែវ:​ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបើកបុកម៉ូតូ ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យភាគីទាំងសងខាងរងរបួសធ្ងន់ រួចបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្តតាកែវ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង៥៩នាទីយប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ស្ថិតលើផ្លូវជាតិលេខ២ ចន្លោះគីឡួម៉ែត្រលេខ៩០-៩១ ភូមិត្រពាំងលើក ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។

ម្ចាស់ម៉ូតូវ៉េវមានឈ្មោះ ព្រឹល បូរី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ(របួសធ្ងន់) ស្នាក់នៅភូមិព្រៃចូក ឃុំអង្កាញ់ ស្រុកទាំ្រង ខេត្តតាកែវ បើកម៉ូតូពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1H-4986។ ចំណែកម្ចាស់ម៉ូតូហុងដាសេ១២៥ឈ្មោះ វង ឌុន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ(របួសធ្ងន់)​ ស្នាក់នៅភូមិស្មែត​ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ បើកម៉ូតូពណ៌ខ្មៅ សេរីឆ្នាំ២០១២ ពាក់ស្លាកលេខតាកែវ 1H-9020។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងទាំង២គ្រឿងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់