ព័ត៌មានជាតិ

(មានវីដេអូ)៖ ស្ទើរតែផ្ទុះហិង្សារ! ពេលចាប់បាន អ្នកបើករថយន្តបុករះម៉ូតូជាច្រើនគ្រឿង ផ្អើលសមត្ថកិច្ច!

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើក រថយន្តបោះពួយយ៉ាងលឿនជ្រុលចង្កូតទៅបុកម៉ូតូ៣គ្រឿង បណ្តាលឲ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់និងស្រាល។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវលេខ១៣៨ កែងនិងផ្លូវលេខ២៥៩ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជនីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តមួយគ្រឿងម៉ាកឡិចសុីស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2U-2556 បើកបរតាមផ្លូវលេខ១៣៨ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃមកផ្លូវលេខ២៥៩ ក៏ជ្រុលចង្កូចទៅបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៥ ពណ៌ក្រហមពាក់ស្លាកលេខ បាត់ដំបង 1U-7511 ជិះដោយបុរសម្នាក់តាមផ្លូវលេខ២៥៩ ទិសដៅពីត្បូងទៅជើងបុកពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ចំណែកម៉ូតូត្រូវបានរថយន្តបុកអូសប្រមាណជាង៣០ម៉ែត្រ ទើបខ្ទាតចេញពីរថយន្ត។ រីឯរថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់គេចខ្លួនមកដល់ចំណុចផ្លូវ១៤៦ កែងនឹងផ្លូវលេខ២២១ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក បានបត់ស្តាំដៃក៏ជ្រុលទៅបុកម៉ូតូពីគ្រឿងមួយម៉ាកZoomer-X ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 1FX-9866 ជិះដោយស្ត្រីម្នាក់រងរបួសធ្ងន់ និងមួយគ្រឿងម៉ាកស៊ុយសាគីលែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DF-2415 ជិដោយបុរសម្នាក់រងរបួសជើងខាងឆ្វេងស្រាល។

ចំណែកម្ចាស់រថយន្តបង្កត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបានភ្លាមប្រគល់ជូនសមត្ថកិច្ចផងដែរ។ រីឯរថយន្តនិងម៉ូតូខូចខាតយ៉ាងដំណំរាងៗខ្លួន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់បានធ្វើកាវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់