ព័ត៌មានជាតិ

ទាស់គ្នាតិចតួចលើកគ្នាប្រហែល២០នាក់ វាយគេ២នាក់ស្ទើរស្លាប់ ទីបំផុតចាប់បាន៣នាក់ហើយ!..

កំពង់ចាមៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកកំពង់សៀម សហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពង់ចាម ធ្វើការស្រាវជ្រាវឈានទៅដល់ការចាប់ខ្លួនបាន ក្រោយពីជនសង្ស័យទាំងនេះ រួមនិងបក្ខពួកសរុបប្រហែល២០នាក់ បានព្រួតគ្នាវាយទៅលើភាគីរងគ្រោះដែលមានគ្នា២នាក់ បណ្តាលឲ្យម្នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម និងចាប់ឃាត់ខ្លួនបាននៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទី កម្លាំងជំនាញអធិការដ្ឋានស្រុកកំពង់សៀម បានទទួលពាក្យបណ្តឹងពីឈ្មោះ ថោង ចាន់ណា (ង៉ោល) ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិអូរធ្នួង ឃុំអូរស្វាយ ស្រុកកំពង់សៀម ថាមានករណីហិង្សាដោយចេតនាមួយបានកើតឡើង កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទី ចំណុចភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម បណ្តាលឲ្យរងរបួសជាច្រើនកន្លែង។

ហើយមុននឹងកើតហេតុនោះ ជនរងគ្រោះឈ្មោះថោង ចាន់ណា និងឈ្មោះ យន់ ឈុនឡៃ បានជិះម៉ូតូនៅលេងនៅសួនច្បារថ្នល់បំបែកត្រើង ភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ពេលនោះក៏មានទំនាស់ពាក្យសម្តីជាមួយក្មេងៗ ចំនួន៣នាក់មិនស្គាល់អត្តសញ្ញាណតែនៅក្នុងភូមិខេលជ័យ ឃុំអូរស្វាយ។ ពេលនោះក្មេងៗនោះបានរត់ទៅហៅគ្នីគ្នាមកប្រហែលចំនួន២០នាក់ មកព្រួតវាយលើឈ្មោះ ថោង ចាន់ណា ពេលនោះឈ្មោះ ថោង ចាន់ណា ក៏ស្ទុះទៅយកកាំបិតបុង័តោពីអ្នកលក់សាច់ឆ្កែនៅក្បែរនោះយកមកការពារខ្លួន ប៉ុន្តែត្រូវបានក្រុមក្មេងដែលមានគ្នាប្រហែល ២០នាក់ នោះព្រួតវាយមកលើឈ្មោះ ថោងចាន់ណា ហើយដកយកកាំបិតពីឈ្មោះ ថោង ចាន់ណា បានហើយពួកនោះវាយលើឈ្មោះ ថោង ចាន់ណា បណ្តាលឲ្យរងរបួសបច្ចុប្បន្នសម្រាកនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ រីឯឈ្មោះយន់ ឈុនឡៃ បានរត់រួចផុត។

លុះដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចស្រុកកំពង់សៀម សហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពង់ចាម ចុះកិច្ចប្រតិបត្តិការឃាត់មុខសញ្ញាបានចំនួន៣នាក់ ទី១មានឈ្មោះ អ៊ុល គឹមស្រ៊ន់ (ហៅរ៉ា) ភេទប្រុស អាយុ២១ឆ្នាំ , ទី២ឈ្មោះ ក្រូច ប៊ុនឡុង ភេទប្រុស អាយុ៣២ឆ្នាំ និងជនសង្ស័យទី៣ឈ្មោះ ហាក់ ប៊ុនធឿន ភេទប្រុស អាយុ២៧ឆ្នាំ។ អ្នកទាំង៣នាក់ ស្នាក់នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់