ព័ត៌មានជាតិ

ហុងដាឌ្រីមជែងរថយន្ត ទៅបុកម៉ូតូស្កូបពី របួសធ្ងន់ទាំងសងខាង!

ភ្នំពេញ: ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ មួយគ្រឿងជិះគ្នា២នាក់ បានបើកជែងរថយន្ត១គ្រឿង នៅខាងមុខហើយបានជ្រុលទៅបុកជាមួយម៉ូតូម៉ាក ហុងដា ស្កូបពី ១គ្រឿងទៀតជិះម្នាក់ឯង ពេញទំហឹងរបួសធ្ងន់ទាំងសងខាងចំនួន៣នាក់តែម្ដង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវបេតុង ស្ថិតនៅក្នុងភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលប៉ុស្ដិ៍ត្រពាំងក្រសាំងបាននិយាយថា ម៉ូតូដែលបានបើកបុកគ្នាបណ្ដាលឲ្យអ្នកបើក បរនិងអ្នកជិះរងរបួសធ្ងនដូចគ្នានោះ ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DO-7709 ជិះគ្នា២នាក់ បើកបរដោយក្មេងស្រីម្នាក់ឈ្មោះ សុន សុជាតា អាយុ១៤ឆ្នាំ និងអ្នកជិះពីក្រោយឈ្មោះអៀង ប៉ារីស អាយុ១៤ឆ្នាំ អ្នកទាំង២ជាសិស្សរៀននៅវិទ្យាល័យអរុណវតី មានទីលំនៅក្នុងភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកម៉ូតូ១គ្រឿង ទៀតម៉ាកហុងដាស្កូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1DO-8098 បើកបរដោយស្រ្តីម្នាក់ឈ្មោះ វ៉ាន់ សុភាច អាយុ៣៧ឆ្នាំ មុខរបរ លក់ដូរមានទីលំនៅក្នុងភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុម៉ូតូហុងដាឌ្រីមសេ១២៥ ឌុបគ្នាធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនជែងរថយន្ត១គ្រឿងនៅខាងមុខ។ ចំណែកម៉ូតូហុងដាស្កូបពីជិះម្នាក់ឯងបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុម៉ូតូហុងដាឌ្រីមជែងរថយន្តនៅខាងមុខរួចបានជ្រុលទៅបុកម៉ូតូហុងដាស្កូបពីពេញទំហឹងបណ្ដាលឲ្យដួលរេលពេញផ្លូវរងរបួសធ្ងន់ទាំងអស់គ្នាតែម្ដង។

ក្រោយពេលកើតហេតុរថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពត្រពាំងក្រសាំងដឹកយកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗចំណែកម៉ូតូទាំង២គ្រឿង ត្រូវនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យដឹកយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់