ព័ត៌មានជាតិ

ឃាត់ខ្លួនប្រុសស្រី៩នាក់ ដកហូតថ្នាំ១៧កញ្ចប់តូចធំ នៅផ្ទះសំណាក់ បឹងលាភ

ភ្នំពេញៈ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២និង២០នាទីរសៀល កម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌទួលគោក បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ រតនា ហៅហ៊ីម ភេទប្រុស អាយុ ៣១ឆ្នាំ រួមនិងក្រាមពណ៌សថ្លា១៧កញ្ចប់(ប្រភេទម៉ាទឹកកក) និងធំល្មម ១កញ្ចប់ នៅចំណុច ប្លុករោងចក្រឆ្នាំង ភូមិ២៣ ផ្លូវដែក សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យ ខាងលើ យកមកធ្វើការសួរចម្លើយរួច ទើបនៅវេលាម៉ោង២និង៤០នាទី ថ្ងៃដដែល កម្លាំងអាវុធហត្ថខណ្ឌទួលគោក បានបន្តសហការជាមួយសមត្ថកិច្ចជំនាញនៃការរិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថខណ្ឌឬស្សីកែវ បានបន្តស្រាវជ្រាវ ចុះឆែកឆេរផ្ទះសំណាក់មួយកន្លែងយីហោ បឹងលាភ ស្ថិតនៅចំណុចផ្ទះលេខ២៥៧ ផ្លូវ១០៧R ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ដោយបានធ្វើការឆែកឆេរបន្ទប់លេខ ២៣, ២៥, ២៨, ២៩ រហូតឈានដល់ការឃាត់ខ្លួនបាន ជនសង្ស័យប្រុសស្រី៨នាក់ បន្ថែមទៀត រួម ទាំងដកហូតបាន ១កញ្ចប់ ធំល្មម (ប្រភេទម៉ាទឹកកក) និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត។ ពួកគេទាំង៨នាក់ នេះមាន៖
១.ឈ្មោះ រស់ បូរ៉ា ហៅម៉ាប់ ភេទប្រុស អាយុ២០ឆ្នាំ ,ទី ២ ឈ្មោះស្រ៊ីម ស៊ីវាត ភេទប្រុស អាយុ ៣២ឆ្នាំ, ទី៣ឈ្មោះ រឿន ភារុន ភេទប្រុស អាយុ ១៧ឆ្នាំ,ទី ៤ ឈ្មោះ ថុល វណ្ណដារ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ,ទី ៥ឈ្មោះ លី ថារី ភេទស្រី អាយុ១៩ឆ្នាំ,ទី ៦ឈ្មោះ យ.រ.ស ភេទស្រី អាយុ ១៤ឆ្នាំ ,ទី៧ឈ្មោះ កែវ ស្រ៊ន ភេទប្រុស អាយុ ២០ឆ្នាំ និងទី៨ឈ្មោះ ផាន មករា ភេទប្រុស អាយុ២០ឆ្នាំ។

បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង ៩នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការរិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់