ភ្នំពេញៈ យុវជនម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម និងមានស្នាមរបួសសោះខ្លួន បន្ទាប់ពីត្រូវបានក្រុមក្មេងស្ទាវមួយក្រុម ប្រដាប់ដោយកាំបិតដែកឆាប ព្រួតកាប់ចាក់ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ នៅភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លុះវេលាម៉ោង៦ព្រឹក ទើបបងប្អូនជនរងគ្រោះ រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង។
ជនរងគ្រោះឈ្មោះ ប៊ុន ធឿនធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីបងប្អូនជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១យប់ គេបានឃើញជនរងគ្រោះរត់បណ្តើរស្រែកបណ្តើរឲ្យជួយដោយមានក្មេងស្ទាវមួយក្រុមប្រដាប់ដោយកាំបិតនិងដែកឆាបដេញកាប់ចាក់មកពីក្រោយ ខណៈរត់មកមុខផ្ទះក្រុមក្មេងស្ទាវចាប់បានកាប់និងចាក់ជាច្រើនកន្លែងបណ្តាលឲ្យរងរបួសពេញខ្លួន ភ្លាមនោះពុំមានអ្នកណាហ៊ានចូលទៅជួយនោះទេ។
សាក្សីដដែលបានបន្តថា បន្ទាប់មកក្រុមក្មេងស្ទាវបានរត់គេចខ្លួនអស់ ហើយបងប្អូនជនរងគ្រោះក៏បាននាំជនរងគ្រោះទៅមន្ទីរពេទ្យ លុះពេលទៅដល់មន្ទីរពេទ្យក្រុមគ្រូរពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបដឹកជនរងគ្រោះមកផ្ទះវិញរហូតដល់វេលាម៉ោង៦ព្រឹកទើបរាយការណ៍មកសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង រួចប្រគល់សពទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/VkZPUJjuM0Y
មតិយោបល់