ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

កម្មវិធីជួយល្ខោនខោល លេចចេញលទ្ធផលស្ដួចស្ដើង

ភ្នំពេញៈ គម្រោងផ្សព្វផ្សាយ និងលក់សម្ភារៈស្វែងរកមូលនិធិ ដើម្បីជួយទ្រទ្រង់ដល់ល្ខោនខោល កាលពីថ្ងៃទី១៩ ខែមិថុនា នៅបរិវេណសាលាវិចិត្រសិល្បៈ (សាលារចនា) ត្រូវគេកត់សម្គាល់ថា មិនសូវជោគជ័យនោះទេ ដោយសារតែតារាកិត្តិយស និងភ្ញៀវ ដែលបានចូលរួមមានចំនួនមិនច្រើនដូចការរំពឹងទុក។ តារាតិចតួចប៉ុណ្ណោះ ត្រូវគេឃើញបង្ហាញខ្លួន ខណៈដែលភ្ញៀវដែលមានវត្តមានក៏មានចំនួនមិនលើសលប់។

តាមការប្រកាសឡើង កម្មវិធីផ្សព្វផ្សាយចំពោះល្ខោនខោលនោះ នឹងគ្រោងលក់អាវ និងស្បោង ដែលបង្ហាញពីអត្តសញ្ញារបស់ល្ខោនខោល ដោយរំពឹងថា ភ្ញៀវដែលចូលរួមនឹងទិញអាវ និងសម្ភារៈទាំងនោះច្រើន ប៉ុន្តែភ្ញៀវជាសិស្សនិស្សិត ហាក់មិនច្រើននោះទេ ដោយសូម្បីតែវត្តមានតារាសិល្បៈដែលគ្រោងបង្ហាញខ្លួនក៏មានចំនួនមិនដល់២០០នាក់ ស្រួលបួលនោះឡើយ។

តារចម្រៀង ម៉េង កែវពេជ្ជតា អ្នកនាង សារ៉ាយ សក្ខិណា កញ្ញា ទឹម រដ្ឋា កញ្ញា ទឹម វត្តី អ្នកនាង ទូច ស្រីលក្ខណ៍ លោក ជ័យ សុវ៉ាត លោក ខេន វណ្ណាថាត់ អ្នកនាង ម៉េង កែវពេជ្របុប្ផា និង ចន អេឡិចហ្សូរ៉ា និងតារាថ្មីៗ មិនច្រើននោះទេ ត្រូវគេឃើញចូលរួមផ្សព្វផ្សាយពីយុទ្ធនាការនោះ។ ហេតុដែលអ្នកចូលរួមគាំទ្រមានចំនួនមិនច្រើននោះ គឺដោយសារតែមានភ្លៀងមួយមេធំនៅមុនពិធីចាប់ផ្ដើម និងដោយសារតែការប្រារព្ធពិធីចំថ្ងៃអាទិត្យជាថ្ងៃដែលសិស្សនិស្សិត និងតារាសិល្បៈភាគច្រើនជាប់រវល់ជាលក្ខិណៈឯកជន។

យ៉ាងណាមិញ តារាភាគច្រើនដែលបានបង្ហាញខួនព្រមទាំងអស់អ្នកចូលរួមផង សុទ្ធតែបានតាំងចិត្តថា នឹងជួយទម្រង់ល្ខោនខោលបន្តទៀត ដោយក្រៅពីប្រកាសចូលរួមសម្រាប់កម្មវិធីរ៉ៃអង្គាសថវិការលើកក្រោយៗ តារាទាំងនោះក៏ទទូចឲ្យជួយលើកស្ទួយដល់ល្ខោនខោលផងដែរ។ ជាពិសេសអ្នកនាងម៉េង កែវពេជ្ជតា អ្នកនាងបានទទូចឲ្យមានការជ្រោមជ្រែងទៅលើទម្រង់ល្ខោននេះ ដោយមិនរង់ចាំទាល់តែមានការបញ្ហាណាមួយទើបនាំគ្នាចាប់អារម្មណ៍នោះឡើយ។

ខាងក្រោមនេះ ជាសកម្មភាពចូលរួមរបស់តារាសិល្បៈ និងសិស្សនិស្សិតដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធីទាំងមូល៕

មតិយោបល់