ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្រើនរម្លឹក ដល់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ត្រូវអនុវត្តន៍វិធានការឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ បញ្ហាកម្មករដួលសន្លប់នៅតាមរោងចក្រ ដើម្បីលើកកម្ពស់សុវត្ថិភាព និងលក្ខខណ្ឌការងារនៅកន្លែងធ្វើការ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ដើម្បីទប់ ស្កាត់ការដួលសន្លប់របស់កម្មករនិយោជិត ក្រសួងបានដាក់ចេញវិធានការចំនួន ១១ចំណុច ក្នុងនោះមានដូចជា ណែនាំឱ្យម្ចាស់រោងចក្រ សហគ្រាស ត្រូវបើកឱ្យដំណើរការប្រព័ន្ធបញ្ចេញបញ្ចូល ខ្យល់ក្នុងអគារផលិតកម្មយ៉ាងហោចណាស់ ឱ្យបានមុន ១ម៉ោង មុនពេលកម្មករចូលធ្វើការ ទប់ស្កាត់កុំឱ្យមានក្លិនសារធាតុគីមី ឬថ្នាំសម្លាប់សត្វល្អិតពីខាងក្រៅជុំវិញចូលក្នុងអគារផលិតកម្ម និងត្រូវបើកបង្អួចឬបន្ថែម កង្ហាបឺតបញ្ចេញខ្យល់នៅពេលមាន អាកាសធាតុក្តៅដើម្បីឱ្យរោងចក្រមានបរិយាកាសល្អ ។
ក្រៅពីនេះត្រូវរៀបចំទុកដាក់សម្ភារ និងវត្ថុធាតុដើមឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាពដើម្បីកុំឱ្យបាំងច្រកខ្យល់ចេញ ចូល និងទ្វារអាសន្នក្នុងអគារ ផលិតកម្ម ត្រូវដាក់ឱ្យមាន ឧបករណ៍ស្តង់កំដៅ នៅកន្លែងធ្វើការដើម្បីងាយស្រួល ក្នុងការតាមដានការវិវត្តនៃកំដៅនៅក្នុង រោងចក្រ។
ទន្ទឹមនេះ ត្រូវត្រួតពិនិត្យនិងថែ ទាំប្រព័ន្ធបង្ការ អគ្គិភ័យ និងសម្ភារការពារឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ហើយត្រូវធានាថាប្រព័ន្ធ និងសម្ភារទាំងនោះអាចប្រើប្រាស់បានដោយ រលូននៅពេល មានគ្រាអាសន្ន និងត្រូវមានរៀបចំគិលានសង្គ្រោះនៅតាមរោងចក្រសហគ្រាស ដើម្បីជួយសង្គ្រោះបឋមដល់កម្មករនៅពេលមានបញ្ហាសុខភាព។
ចំពោះរោងចក្រសហគ្រាសដែលប្រើប្រាស់សារធាតុងាយឆាបឆេះត្រូវមាន ប្រព័ន្ធឆ្លើយតបគ្រាអាសន្ន និងរក្សាទុកដាក់សម្ភារទាំងនោះឱ្យបាន ដាច់ដោយឡែក និងឆ្ងាយពីអគារ ផលិតកម្ម។
ចំណែករោងចក្រសហគ្រាសណា ដែលប្រើប្រាស់ឡចំហាយទឹកត្រូវរៀបចំឡចំហាយទឹក ស្របទៅតាមបទដ្ឋាន បច្ចេកទេស និងសុវត្ថិភាព ព្រមទាំងមានការអនុញ្ញាតពីក្រសួងស្ថាប័នជំនាញ ហើយអ្នកទទួល ការខុសត្រូវប្រព័ន្ធឡចំហាយទឹក ត្រូវមានការបណ្តុះបណ្តាលត្រឹមត្រូវ។
ក្រសួងនឹងចាត់វិធានការតាមច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋាននានាដែល មានចំពោះគ្រឹះស្ថានសហគ្រាសរោងចក្រណាដែលល្មើស និងមិនអនុវត្តន៍តាមការណែនាំ របស់ក្រសួងទេនោះ៕
មតិយោបល់