ភ្នំពេញៈ រថយន្តសណ្តោងរម៉ក១គ្រឿងដឹកស៊ីម៉ង់ត៍ពេញ របស់ក្រុមហ៊ុន «TR» បើកបរលឿន ចាប់ហ្វ្រាំងមិនស៊ីបានជ្រុល បុករះម៉ូតូមន្ត្រីនគរបាលផ្នែកអន្តរាគមន៍ កិនជាប់ក្រោមរថយន្តនិងបន្តទៅបុកម៉ូតូសណ្តោងរម៉កចំនួន២គ្រឿងទៀត ចំណែកអ្នកបើកបររថយន្តបង្កត្រូវនគរបាលចរាចរណ៍នៅគោលដៅកើតហេតុឃាត់ខ្លួនបាន។
ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង កែងនិងផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងភូមិផ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបង្កដែលជាប្រភេទរថយន្តសន្តោងទូកុងតឺន័ររបស់ក្រុមហ៊ុនTR ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ធំ3A-1446 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុ ស្រាប់តែជាន់ហ្រ្វាំងមិនជាប់បណ្តាលឲ្យទៅបុកម៉ូតូរបស់មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យបណ្តាលឲ្យអូសជាង៥ម៉ែត្រ និងជ្រុលទៅបុកម៉ូតូកង់បី២គ្រឿងទៀតបណ្តាលឲ្យក្រឡាប់ផ្ងារជើង និងបណ្តាលឲ្យឈ្មោះ សូ សំអូន ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរមន្រ្តីនរគបាល រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រោ្គះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ ជនបង្កត្រូវបាននគរបាលចរាចរណ៍ដែលប្រចាំការនៅទីនោះបានឃាត់ខ្លួនបានភ្លាមនិងនាំមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលចោមចៅ៣ ដើម្បីបញ្ជូនទៅកម្លាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្ត៕
https://youtu.be/U8VGvWDq1ME
មតិយោបល់