ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ ពន្លះគូទកាមរីហើម របួស៣នាក់​ មានទាំងមន្រ្តីនគរបាល​!

ពោធិ៍សាត់:​ ​លោកអធិការស្តីទី​ ស្រុកភ្នំក្រវាញ បានប្រាប់Post Newsថា កាលពីវេលាម៉ោង៦និង៥០នាទីល្ងាច ​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តហ៊ីយ៉ាន់ដាយធុនធំ បើកក្នុងស្ថានភាពស្រវឹង រួចជ្រុលចង្កូតទៅបុក​គូទរថយន្ត​កាមរី ​ ក្នុងដំណើរស្របទិសគ្នា ពីត្បូងទៅជើង ​បណ្តាលឲ្យម្ចាស់រថយន្តកាមរី និងអ្នករួមដំណើររបួសធ្ងន់ស្រាល៣នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកភ្នំក្រវាញ។

ជនរងគ្រោះមានឈ្មោះ ទេព ចាន់រី​​ ភេទប្រុស អាយុ៤១ឆ្នាំ(រងរបួសក្បាល)​ បើក​រថយន្តម៉ាកកាមរីហើម ចង្កូតស្តាំ ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-2984​ និងអ្នករួមដំណើរទី១ឈ្មោះ ហេង វិចិត្រ ភេទប្រុស អាយុ៣៩ឆ្នាំ​ ​មុខរបរនគរបាល(រងរបួសក្បាល) ​និងទី២ឈ្មោះ​ ប៊ន សុភា ភេទប្រុស អាយុ២៩ឆ្នាំ(របួសស្រាល)​ ទាំង៣នាក់ស្នាក់នៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ​ ខេត្តកំពង់ស្ពឺ។ ​ចំណែកជនបង្កមានឈ្មោះ​ សុខ លីន ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរកសិករ រស់នៅ​ក្នុងខេត្តកំង់ស្ពឺ(គេចខ្លួន)។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាង​មករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ​ ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕


​​

មតិយោបល់