ព័ត៌មានជាតិ

ស៊េរីទំនើប បត់ចូលបុរីចំការមន ត្រូវម៉ូតូធំបុកចំពីមុខ របួសធ្ងន់ស្រាល២នាក់!

ភ្នំពេញ: ករណីគ្រោះថ្នាកចរាចរណ៍បានកើតឡើង រវាងរថយន្តម៉ាកឆែរ៉ូឡែតមួយគ្រឿង បត់ឆ្លងផ្លូវ ស្រាប់តែមានម៉ូតូកាវ៉ាសាគីមួយគ្រឿង ជិះក្នុងល្បឿនលឿនបុករថយន្តពេញទំហឹងបណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ របួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ ទន្លេបាសាក់ ខណ្ឌចម្ការមន (ទល់មុខបុរីចម្ការមន) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ នារីម្នាក់បើករថយន្តម៉ាកឆែរ៉ូឡែត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-2358 បត់ឆ្លងផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកកាវ៉ាសាគី ពណ៌បៃតង មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1DC-6550 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនារីម្នាក់ ជិះពីក្រោយបើកក្នុងល្បឿនលឿន បុករថយន្តពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកម៉ូតូដួលបោកក្បាល និងនារីម្នាក់ដែលជិះពីក្រោយផ្លោងប្រហែលជា១០ម៉ែត្ររងរបួសស្រាល ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់។ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខខាងឆ្វេងរថយន្តនិងម៉ូតូខ្ទេចផ្នែកខាងមុខស្ទើរតែទាំងស្រុង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមនដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត ៕

មតិយោបល់