ព័ត៌មានជាតិ

សង្ស័យមានអំពើពុករលួយ ពីការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអារមេ១ខ្សែនៅស្រុកកំពង់សៀម

កំពង់ចាមៈ​ គម្រោង​ដាក់​ឲ្យ​ដេញ​ថ្លៃ​សម្រាប់​កិច្ចសន្យា​ការ​ងារ​សាងសង់​ផ្លូវ​បេតុង​អារមេ​១ខ្សែ​ នៅ​ក្នុង​ឃុំ​គៀន​ជ្រៃ​ ស្រុក​កំពង់​សៀម​ ខេត្ត​កំពង់ចាម​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧​ មេសា​ ២០១៦​ កន្លង​ទៅ​ថ្មីៗនេះ​ ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​ មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​រៀងៗ​ខ្លួន​នោះ​ ពេល​នេះ​ផ្លូវ​កំពុង​តែ​ចាប់ផ្ដើម​ស្ថាបនា​ទាំង​ខ្វះ​លក្ខណៈ​បច្ចេកទេស​ ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ពី​ជំនាញ​ពិតប្រាកដ​នោះ​ឡើយ​។

ដោយ​ផ្លូវ​បេតុង​អារមេ​១ខ្សែ​ប្រវែង​១៤៥ម៉ែត្រ​ ទទឹង​៤ម៉ែត្រ​ កម្ពស់​១៥សង់ទីម៉ែត្រ​ តម្លៃ​ប៉ាន់ស្មាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ ៥៣,២៨៥,៨០០រៀល​​ ដែល​ត្រូវរ៉ូវ​គ្នា​ក្នុង​តម្លៃ​ខ្ពស់​បំផុត​គឺ​ ៥២,២០០,០០០រៀល​​ ទាំង​នេះ​ដែល​ត្រូវបាន​គេ​មើល​ឃើញ​ថា​ វា​ខុស​ប្លែក​ពី​បណ្ដា​ឃុំ​ស្រុក​ដទៃ​ ដែល​តម្លៃ​ការ​ដេញ​ថ្លៃ​គម្រោង​របស់​គេ​ចុះ​ជាង​ពាក់​កណ្ដាល​ គឺ​អាច​សាងសង់​ផ្លូវ​បាន​១ទ្វេរ​ជា​២​ ឯណោះ​។

ចំពោះ​ការ​សាងសង់​ផ្លូវ​វិញ​ គឺ​គេ​មិន​បាន​បុក​បង្ហាប់​ដី​ទេ​ គ្រាន់​តែ​បោសសម្អាត​ដី​ហើយ​លាយ​បេតុង​ចាក់​ពី​លើ​តែ​ម្ដង​ កន្លែង​ខ្លះ​មាន​កម្ពស់​ពី​១២ទៅ​១៣សង់ទីម៉ែត្រ​ ដោយ​ប្រើ​ដែក​៨ មីលីម៉ែត្រ​ចង​យ៉ាង​រង្វើល​ទៀត​ផង​។

ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឃុំ​គៀន​ជ្រៃ​ បាន​សំណូមពរ​ដល់​ថ្នាក់​ដឹកនាំ​ខេត្ត​ មេត្តា​ចាត់តាំង​ជំនាញ​បច្ចេកទេស​ចុះ​ទៅ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​ផង​៕

មតិយោបល់