ភ្នំពេញៈ រថយន្តសណ្ដោងកន្ទុយរម៉ក១គ្រឿង បានបើកបុករះរថយន្តម៉ាកតាកូម៉ា១គ្រឿង និងនិងម៉ូតូ២គ្រឿងជាបន្តបន្ទាប់ បណ្ដាលឲ្យមានមនុស្សម្នាក់រងរបួស រួចបានជ្រុលបន្តទៅបុករបងភូមិគ្រឹះលោករដ្ឋមន្រ្តី ចម ប្រសិទ្ធ បណ្ដាលឲ្យបាក់អស់១ផ្ទាំងថែមទៀត។
ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចមុខភូមិគ្រឹះរបស់លោករដ្ឋមន្រ្តី ចម ប្រសិទ្ធ ក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តបង្ក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 4A-1756 (អ្នកបើកបររត់បាត់)។ ចំណែករថយន្តតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2O-3239 រងការខូចខាតចំហៀងខាងឆ្វេង។ រីឯមូតូដែលរងការខូចខាត២គ្រឿងដែរនោះ មាន១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BW-9869 និង១គ្រឿងទៀតម៉ាក វីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BP-1456 ។ ដោយឡែកអ្នករងរបួសមិនត្រូវបានស្គាល់ឈ្មោះឡើយ ហើយរបងភូមិគ្រឹះលោករដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបាក់។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កបានបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ មិនថាមិនបញ្ហាអ្វីឡើយ ស្រាប់តែរថយន្តនេះបានបុកឡើងទៅលើសួនច្បារចែកទ្រូងផ្លូវទាំងកំរោលបន្ទាប់មកបានជ្រុលទៅបុករថយន្តតាកូម៉ា ដែលកំពុងបើកបរក្នុងទិសដៅច្រាស់គ្នា បណ្ដាលឲ្យរថយន្តតាកូម៉ា វិល១ជុំ ទៅបោកម៉ូតូ២គ្រឿង ខាងលើដួលពេញផ្លូវ។ ចំណែករថយន្តបង្កបានជ្រុលបន្តទៅបុករបង ភូមិគ្រឹះលោករដ្ឋមន្រ្តី ចម ប្រសិទ្ធ បណ្ដាលឲ្យបាក់អស់១ផ្ទាំង ទើបទៅមុខលែងរួច ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់។
បន្ទាប់មក នគរបាលចរាចរខណ្ឌពោធិ៍សែនជ័យ បានចុះទៅសម្រួលចរាចរណ៍មិនឲ្យមានការកកស្ទះ រួចបានរាយការណ៍ជូននគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើការវាស់វែងនិងនាំយករថយន្តបង្កនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕
https://youtu.be/zBqEQxYiG2c
មតិយោបល់