ព័ត៌មានជាតិ

សាំយ៉ុងបើកលឿន បុករះកន្លែងលក់ដូរ របួសធ្ងន់២នាក់

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តសាំយ៉ុងបុករះ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥និង៥៥នាទីល្ងាច ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ភូមិមានជ័យ ឃុំចុងអំពិល ខេត្តព្រៃវែង។

ជនរងគ្រោះមានឈ្មោះ បូ លីហ៊ាង ភេទប្រុស អាយុ១៣ឆ្នាំ រងរបួសធ្ងន់បាក់ជើងខាងឆ្វេង និងឈ្មោះ ហេង យ៉ែម ភេទស្រី អាយុ៨៤ឆ្នាំ រស់នៅភូមិព្រៃសុធន់ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង រងរបួសធ្ងន់។

រថយន្តបង្ក ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2X 2814 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។ មូលហេតុ បណ្តាលមកពីអ្នកបើកបររថយន្ត ម៉ាកសាំយ៉ុង បើកបរលឿនពេក ខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅខាងស្តាំធ្លាក់ថ្នល់ ទៅបុកក្មេងរងគ្រោះ រួចហើយរេចង្កូតទៅខាងស្តាំដៃទៅបុកខឿនសួនសត្វ ហើយក៏បន្តទៅបុក ឈ្មោះ ហេង យ៉ែម និងបុកបង្គោលរបងនិងម៉ូតូ និងធុងសាំងរបស់ ឈ្មោះ ឃន ស៊ាងហេងភេទប្រុសអាយុ ៣៤ឆ្នាំ នៅភូមិមានជ័យ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បណ្តាលឲ្យខូចខាត។

ក្រោយពេលកើតហេតុ រថយន្តយកមករក្សាទុកនៅប៉ុស្តិ៍ចុងអំពិល ចំណែកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ តាមការស្រាវជ្រាវរបស់សមត្ថកិច្ច បានដឹងថា អ្នកបើកបរមានឈ្មោះ ខុម ភេទប្រុស រស់នៅភូមិតងឡងទី ៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង៕

មតិយោបល់