ក្រុមបាល់ទាត់ក្រសួងការពារជាតិ នឹងត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះ PSM Makassar នាវេលាម៉ោង ៦ៈ៣០ នាទីល្ងាចនេះ(កម្ពុជា) ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ពានរង្វាន់ Super Cup Asia 2018 ដែលប្រទេសឥណ្ឌូនេសុីធ្វើជាម្ចាស់ផ្ទះ។
មុនឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ក្រសួងការពារជាតិ បានយកឈ្នះក្រុម Adelaide United មកពីប្រទេសអូស្ត្រាលី នៃក្របខ័ណ្ឌលីគកំពូល(A-League) ដោយលទ្ធផល ៤ទល់៣ ខណៈដែល ក្រុមម្ចាស់ផ្ទះឥណ្ឌូនេសុី PSM Makassar បានយកឈ្នះ Home United FC របស់ប្រទេសសិង្ហបុរី ដោយលទ្ធផល ៤ទល់០។ នៅរសៀលថ្ងៃនេះដែរ ក៏មានការប្រកួតមួយគូទៀតដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៣ ដោយក្រុម Adelaide United មកពីប្រទេសអូស្ត្រាលី តទល់ជាមួយ Home United FC របស់ប្រទេសសិង្ហបុរី ម៉ោង ២រសៀល(កម្ពុជា)។
សូមបញ្ជាក់ថា ប្រាក់រង្វាន់នៃពានរង្វាន់ Super Cup Asia 2018នេះ សម្រាប់ក្រុមលេខ១ ទទួលបានទឹកប្រាក់ ១មឺុនដុល្លា លេខ២ទទួលបាន ៥ពាន់ដុល្លា លេខ៣ទទួលបាន ៣ពាន់ដុល្លា លេខ៤ទទួលបានរង្វាន់លួងចិត្ត២ពាន់ដុល្លា៕
មតិយោបល់