សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសុក្រ ១៤រោច ខែកក្ដិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ លោកវរសេនីយ៍ឯកទេព ពុំសែនអធិការនៃអធិការដ្ឋាន នគរបាលស្រុកពួក បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ២ផ្សេងគ្នានៅស្រុកពួក បណ្តាលអោយស្លាប់០២នាក់៖
ករណីទី០១៖ -នៅថ្ងៃ០៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៣និង៤៥នាទី លើផ្លូវជាតិលេខ៦ត្រង់ចំណុចចន្លោះបង្គោលគីឡូ ម៉ែត្រលេខ៣៤៥ និង៣៤៦ ភូមិស្វាយ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប មានម៉ូតូម៉ាកហុងដាឌ្រីម ផលិតឆ្នាំ2014 ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1I 1345 បើកបរដោយឈ្មោះ សំ សន ភេទប្រុស អាយុ ៥៨ឆ្នាំ ភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប បើកបរទិសដៅពីកើតទៅលិច ( ពុំមានពាក់មួកសុវត្ថិភាព) បានបុកនឹងរថយន្តម៉ាក អ៊ី ស៊ុយៗ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI 4301 បើកបរដោយឈ្មោះ សៀង សុខុន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិបឹង ដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប បើកបរទិសដៅពីកើតទៅលិច ហើយបានបែកកង់ក្រោយខាងស្តាំឈប់លើទ្រូង ផ្លូវ ចំហៀងខាងជើង ក្បាលទៅទិសខាងលិច ។ ក្រោយពេលកើតហេតុ អ្នកបើកបរថយន្តររត់គេចខ្លួនបាត់ ។
ករណីនេះបណ្ដាលអោយស្លាប់មនុស្សម្នាក់ឈ្មោះ សំ សន ខូចខាតម៉ូតូ ចំនួន០១គ្រឿង (ធ្ងន់) និងរថយន្តចំនួន០១គ្រឿង ( ស្រាល) ។ មូលលហេតុ នៃគ្រោះថ្នាក់នេះ បង្កឡើងដោយអ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសសរស្តម្ភបានចុះទៅវាស់វែង កន្លែងកើតហេតុ ប្រគល់សាកសពជូនក្រុមគ្រួរសារយកទៅធ្វើបុណ្យតាមប្រពៃណី និងប្រមូលយកវត្ថុតាងយកមករក្សាទុក នៅអធិការនគរបាលស្រុកពួក ដើម្បីបន្តនីតិវិធី ។
ករណីទី០២៖ -ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៧និង៤៥នាទី លើផ្លូវជាតិលេខ៦ត្រង់ចំណុចចន្លោះបង្គោល គីឡូម៉ែត្រលេខ៣៣៧ – ៣៣៨ ភូមិដំណាក់ស្លាញ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប មានម៉ូតូមិនស្គាល់ម៉ាក មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ បើកបរទិសដៅពីកើតទៅលិច បានបុកមនុស្សដើរ មិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល៥០ឆ្នាំ សម្បុរខ្មៅ កំពស់១.៦២ម៉ែត្រ សក់រួញ ស្លៀកខោជើងវែង ពណ៌ខ្មៅ ពាក់អាវក្រឡាការ៉ូ ពណ៌ស ដើរទិសដៅពីកើតទៅលិច តាមការបំភ្លឺពីប្រជាពលរដ្ឋ នៅក្បែរផ្លូវធ្លាប់ឃើញជនរងគ្រោះ ដើររើសអេតចាយ សង្ស័យជនរងគ្រោះជាមនុស្សវិកលចរិត ។
ក្រោយពេលកើតហេតុ ម៉ូតូបានបើករត់គេចខ្លួនបាត់ ដោយកន្លែងកើតហេតុ នៅដាច់ស្រយាលពីផ្ទះប្រជាពលរដ្ឋ ។
ករណីនេះបណ្ដាលអោយស្លាប់មនុស្សម្នាក់ ពុំទាន់ស្គាល់អត្តសញ្ញាណ ។
បន្ទាប់ពីទទួលបានព៌ត៌មានកម្លាំងផ្នែកជំនាញ បានសហការជាមួយកម្លាំង ប៉ុស្តិ៍រដ្ឋបាលចុះដល់កន្លែងកើតហេតុ ឃើញតែជនរងគ្រោះដេកស្លាប់លើទ្រូងផ្លូវ ដោយមានស្នាមរបួសបែកក្បាលផ្នែកខាងស្តាំ ដោយពុំមានវត្ថុតាងអ្វីបន្សល់ទុកនៅកន្លែងកើតហេតុឡើយ ។
តាមការពិនិត្យកន្លែងកើតហេតុ សមត្ថកិច្ចបានឃើញមានស្នាមហ្វ្រាំងកង់ម៉ូតូដិតជាប់ថ្នល់ប្រវែង១២ម៉ែត្រ ។ សាកសពជនរងគ្រោះ បានយកមកទុកនៅវត្តសសរស្តម្ភ ដើម្បីស្រាវជ្រាវរកសាច់ញាតិបន្ត ៕
មតិយោបល់