ភ្នំពេញៈ ប្រជាពលរដ្ឋជិត១០០នាក់នៅក្នុងភូមិបាគូ បានប្រមូលផ្ដុំគ្នាធ្វើការបះបោរបណ្ដេញព្រះគ្រូចៅអធិការវត្តព្រែកជ្រៃចេញពីវត្ត ដោយពួកគាត់បានធ្វើការចោទប្រកាន់ព្រះអង្គថា បានលួចលក់ដើមឈើនិងយកបក្ខពួកដោយបានយកកូនរបស់ព្រះអង្គទៅស្នាក់នៅក្នុងវត្ត ហើយសូម្បីតែក្រុមជាងដែលសាងសង់ព្រះវិហារក៏សុទ្ធតែបងប្អូនកូនក្មួយរបស់ព្រះអង្គដែរ។
ការបះបោរខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅក្នុងវត្តព្រែកជ្រៃ ស្ថិតនៅក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបាននិយាយថា ព្រះគ្រូចៅអធិការដែលពួកគាត់ចង់ឲ្យចាកចេញពីក្នុងវត្តនាពេលនេះព្រះនាម នូ សាំង ព្រះជន្ម៧៧វស្សា ដែលព្រះអង្គជាអតីតព្រះចៅអធិការវត្តតាំងកសាងខាងត្បូង ខណ្ឌពោធិ៍សែនជ័យ។ ហើយ ក្រោយមកបានទៅធ្វើចៅអធិការវត្តព្រែកជ្រៃនេះនិងបានរយៈពេល១២ឆ្នាំហើយ ប៉ុន្តដូចជាគ្មានការរីកចម្រើនឡើយ មិនតែប៉ុណ្ណោះនិយមបក្ខពួកខ្លាំងណាស់។
ប្រភពដដែលព្រះអង្គបានយកកូនចៅមកស្នាក់នៅពេញក្នុងវត្តធ្វើឲ្យទីវត្តអារាមមួយនេះប្រែក្លាយពីកន្លែងស្ងប់ស្ងាត់ គួរជាទីសក្ការៈសម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្តទៅជាកន្លែងដែលមានភាពអនាធិបតេយ្យ។ សូម្បីតែក្រុមជាងដែលសាងសង់ព្រះវិហារក៏សុទ្ធតែបងប្អូនកូនក្មួយនិងអ្នកស្រុកភូមិរបស់ព្រះអង្គដែរ មិនតែប៉ុណ្ណោះព្រះអង្គបានលួចលក់ដើមឈើធំៗនៅក្នុងវត្តអស់ជាច្រើនដើមមកហើយពេលនេះពួកគាត់មិនអាចទុកឲ្យព្រះអង្គគង់នៅក្នុងវត្តនេះតទៅទៀតឡើយ។
គួរកត់សម្គាល់ផងដែរថា នៅក្នុងខណៈពេលដែលប្រជាពលរដ្ឋធ្វើការបះបោរតវ៉ាព្រះគ្រូចៅអធិការមិនបានស្ថិតនៅក្នុងវត្តនោះទេដោយព្រះអង្គនិមន្តចេញទៅកាន់វត្តស្លែងដើម្បីពិភក្សាជាមួយព្រគ្រូអនុគុណពីបញ្ហាដែលប្រជាពលរដ្ឋបណ្ដេញព្រះអង្គចេញពីក្នុងវត្តបែបនេះ៕
https://youtu.be/wH8lY3fpxno
មតិយោបល់