ព័ត៌មានជាតិ

ទៀតហើយ! រកឃើញ បង្អែមនំបាញ់ឌុក និងបង្អែម.លត មានសារធាតុគីមីហាមឃាត់ទឹកអន្សារ (បូរ៉ាក់) !..

សៀមរាបៈ យោងតាមផេក អគ្គនាយកកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ស្ថិតនៅផ្សារស្រុកស្វាយលើ និងនៅតាមផ្ទះស្ថិតក្នុងឃុំស្វាយលើ ស្រុកស្វាយលើខេត្តសៀមរាប ចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប គឺនៅជាប់ស្រុកគូលេន ខេត្តព្រះវិហារ។

ពេលចុះពិនិត្យនោះ ទំនិញជាម្ហូបអាហារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ចំនួន១១គំរូ ដែលរួមមាន៖ សណ្តែកបណ្តុះ ទំពាំងជ្រក់ ស្ពៃជ្រក់ មមែងជ្រក់ អំបិលអ៉ីយ៉ូត សាច់ក្រក ផ្អកត្រី បង្អែម.លតអង្ករ និងបង្អែមនំបាញ់ឌុក ត្រូវបានយកមកពិសោធពិនិត្យគុណភាព និងវិភាគរកសារធាតុគីមីហាមឃាត់ ។
ជាលទ្ធផលផលិតផលដែលពិនិត្យទាំង ១១គំរូនេះ គឺមានអនុលោមភាព សុវត្ថិភាពចំនួន ៩គំរូ ។ ដោយឡែកចំពោះបង្អែមនំបាញ់ឌុក និងបង្អែម.លត ត្រូវបានវិភាគរកឃើញមានសារធាតុគីមីហាមឃាត់ទឹកអន្សារ (បូរ៉ាក់) ហើយត្រូវបានសាខាធ្វើការណែនាំ និងធ្វើកំណត់ហេតុដកហូតបាន ១៤.៦០គីឡូក្រាម និងកំទេចចោលភ្លាមៗ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ជាបន្ទាន់នូវការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ ករណីមិនរាងចាល នឹងចាត់ការតាមនីតិវិធីច្បាប់ ។

ដោយឡែកចំពោះការពិនិត្យ មើលលើផលិតផលកំប៉ុង និងដប និងផលិតផលវេចខ្ចប់រួចវិញ បានពិនិត្យឃើញមានផលិតផលមួយចំនួនប្រែប្រួលខូចគុណភាពហួសកាលបរិេច្ឆទកំណត់ប្រើប្រាស់ ហើយត្រូវបានសាខាធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៍កម្ទេចចោលនៅពេលក្រោយ ។ ផលិតផលខូចគុណភាពដែលបានដកហូតរួមមាន ៖ ទឹកក្រូចដបជ័រចម្រុះ ទឹកដោះគោខាប់កំប៉ុង និងMayonnaise សរុបមានទម្ងន់ ១០៩.០៦៤គីឡូក្រាម៕

មតិយោបល់