ព័ត៌មានជាតិ

លោកចៅក្រម ហម ម៉េងសែ សម្រេចដោះលែងនិស្សិតដែលបើករថយន្តកិនមនុស្សស្លាប់!

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះថា លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ម្សិលមិញ បានចេញដីកាសម្រេចមិនឃុំខ្លួនជាបណ្តោះអាសន្នលើនិស្សិតឈ្មោះ ស៊ុយ សារៈទី ដែលបើករថយន្តកិនក្មេងប្រុសម្នាក់ស្លាប់ ខណៈដែលក្រុមគ្រួសារជនរងគ្រោះអះអាងថា ពួកគាត់បានទទួលរងការមាក់ងាយយ៉ាងធ្ងន់ធ្ងរពីភាគី គ្រួសាររបស់ជនបង្ក ដែលមានអំណាចបុណ្យស័ក្តិ។

ប្រភពដដែលបន្តថា ត្រូវចោទមានឈ្មោះ ស៊ុយ សារៈទី អាយុ២១ឆ្នាំ មុខរបរ ជានិស្សិតឆ្នាំទី៣ នៃសកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច មានទីលំនៅភូមិស្នំ៧ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្ដកំពត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីរូបគេ បានបើករថយន្តម៉ាក កាមរីបាឡែន ពណ៌ស ដែលពាក់ស្លាកលេខ 2AQ-7081 បុកជនរងគ្រោះឈ្មោះ ម៉ុន ប៊ុនហេង ភេទប្រុស អាយុ ៩ឆ្នាំ មានទីលំនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្លាប់នៅនឹងកន្លែង នៅចំណុចផ្លូវបេតុងព្រៃស ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿង បញ្ជូនខ្លួនជនត្រូវចោទទៅកាន់តុលាការក្រុងភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ពាក់ព័ន្ធករណីសម្រេចដោះលែងជនត្រូវចោទខាងលើនេះ លោក សៀង សុខ ជាតំណាងអយ្យការកាន់សំណុំរឿង បានបញ្ជាក់ថា លោក ចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់អ្នកដទៃ និងបាន បញ្ជូនសំណុំរឿនេះ ទៅចៅក្រមស៊ើបសួររួចហើយ ដូច្នេះវាជាសិទ្ធិសម្រេចរបស់ចៅក្រមស៊ើបសួរ។

លោកថា ចំពោះព័ត៌មានដែលលោក ហម ម៉េងសែ ដោះលែងជនត្រូវចោទនោះ លោកនូវមិនទាន់ទទួលបានព័ត័មាននៅឡើយទេ។

ចំណែកប្រភពពីក្រុមគ្រួសារក្មេងប្រុស រងគ្រោះបានថ្លែងប្រាប់អ្នកសារព័ត៌មានថា កាលពីវេលាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នគរបាលការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានហៅឲ្យពួកគាត់ ដែលជាអាណាព្យាបាលក្មេងប្រុសរងគ្រោះ រួមជាមួយខាងភាគីជនបង្ក ចូលទៅជួបធ្វើការដោះស្រាយគ្នាដែរ។

ពេលជួបគ្នា ក្រុមគ្រួសារជនត្រូវចោទ បានប្រើអាកប្បកិរិយា មិនសមរម្យក្នុងនិយាយស្តីដោះស្រាយ និងបានប្រើអំណាចកៀបសង្កត់ លើពួកគាត់ជាគ្រួសារជនរងគ្រោះឲ្យព្រមទទួលយកសំណងថែមទៀតផង។

ពួកគាត់បញ្ជាក់ថា ភាគីគ្រួសារជនត្រូវចោទ បាននិយាយថា ពួកគេនឹងសងសំណងឲ្យគ្រួសារជនរងគ្រោះ ទាបបំផុត ដែលហាក់ជាការប្រមាថចំពោះជីវិតកូនប្រុស របស់ពួកគាត់យ៉ាងធ្ងន់ធ្ងរបំផុត៕

មតិយោបល់