ភ្នំពេញៈ ដោយមើលឃើញពីកំណើនភ្ញៀវទេសចរអន្តរជាតិ មកកម្សាន្តកម្ពុជា ពិសេសទេសចរចិន សម្រាប់ផែនការទាក់ទាញភ្ញៀវទេសចរពីប្រទេសមហាអំណាចមួយនេះឲ្យមកទស្សនាកម្ពុជាឲ្យបាន២លាននាក់នៅឆ្នាំ២០២០ ក្រសួងទេសចរណ៍បានចុះកិច្ចព្រមព្រៀងជាមួយវិទ្យាស្ថានខុងជឺ ដើម្បីបណ្តុះបណ្តាលភាសាចិន សម្រាប់មគ្គទេសក៍ក៏ទេសចរណ៍កម្ពុជា ដែលត្រូវនាំភ្ញៀវចិនទៅទស្សនានៅ តាមតំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន ដែលជាសាក្សីនៃការចុះ កិច្ចព្រមព្រៀង នៅព្រឹកថ្ងៃទី១៤ កក្កដា ឆ្នាំ២៩១៥នៅរាជធានីភ្នំពេញមានប្រសាសន៍ថា តាមរយៈកិច្ចព្រមព្រៀងរវាងក្រសួងទេសចរណ៍ និងវិទ្យាស្ថានខុង ជឺនាពេលនេះ គឺខាងវិទ្យាស្ថាននឹងធ្វើការបណ្តុះបណ្តាលផ្នែកភាសាចិនដល់ ពលរដ្ឋកម្ពុជា ពិសេសអ្នកធ្វើការងារជាមគ្គុទេសក៏ទេសចរណ៍ដោយឥតគិតថ្លៃ ហើយធនធានមនុស្សទាំងនេះនឹងត្រូវយកទៅប្រើប្រាស់ក្នុងការនាំភ្ញៀវទេសចរ ចិនទៅកំសាន្តនៅតាមតំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា។
លោករដ្ឋមន្រ្តីមានប្រសាសន៍ទៀតថា ចិនកំពុងមានអ្នកទេសចរចេញទៅក្រៅប្រទេសយ៉ាងគំហុក ហើយក្នុងនោះ កម្ពុជាក៏ជាគោលដៅទេសចរណ៍សំខាន់មួយសម្រាប់អ្នកទេសចរចិន ដែលយើងបានរៀបចំផែនការក្នុងការទាក់ទាញភ្ញៀវទេសចរពីប្រទេសមួយនេះឲ្យបាន២លាននាក់នៅឆ្នាំ២០២០ ហើយដើម្បីទទួលកិច្ចការមួយនេះបាន លុះត្រាណាតែមានការត្រៀមលក្ខណៈសម្បត្តិឲ្យបានសមស្របក្នុងនោះការងារបណ្តុះបណ្តាលភាសាចិនដល់មគ្គុទេសក៏ទេសចរណ៍របស់កម្ពុជាគឺជាការសំខាន់ និងចាំបាច់។
ថ្លែងដល់ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យមកកម្សាន្តនៅកម្ពុជា លោក ថោង ខុន បានបញ្ជាក់ជូនក្រុមអ្នករាយការណ៍ព័ត៍មានថា ត្បិតតែចិន មានកំណើនភ្ញៀវទេសចរមកកម្ពុជាក៏ពិតមែន តែយើងក៏មិនភ្លេចពីឥណ្ឌាដែរ ព្រោះឥណ្ឌាដែលជាប្រទេសមហាយក្សអាស៊ី និងមានប្រជាជនជាង១៣០០លាននាក់ គឺ ជាយុទ្ធសាស្ត្រទីផ្សារទេសចរណ៍របស់អាស៊ាន និងរបស់កម្ពុជាផងដែរ៕
មតិយោបល់