ព័ត៌មានជាតិ

បញ្ជូនខ្លួនលោកយោធាជាន់ខ្ពស់ម្នាក់ទៅ តុលាការ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម និងប្រើអាវុធខុសច្បាប់

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលបព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួន បុរសជាមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

យោងតាមតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សោ ហៀម ហៅលោកគ្រូ ហៀម ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ មន្ត្រីយោធាបញ្ជាការកងទ័ពជើងគោក មានទីលំនៅ ភូមិព្រែកមហាទេព សង្កាត់ឯកភាព ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ សោ ហៀម ហៅលោកគ្រូហៀម បានទៅធាក់ទ្វារបងស័ង្កសី របស់ជនរងគ្រោះឈ្មោះ អ៊ុន វាសនា មានទីតាំងនៅផ្ទះលេខ ៤៦៩ ផ្លូវ២៤BT ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុនខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅពេលនោះជនរងគ្រោះឈ្មោះ អ៊ុន វាសនា បានសួរនាំទៅជនសង្ស័យថា ហេតុអ្វីក៏មកធាក់ទ្វារបងផ្ទះខ្លួន ស្រាប់តែជនសង្ស័យឈ្មោះ សោ ហៀម ហៅលោកគ្រូហៀម ដកកាំភ្លើងខ្លី (មិនស្គាល់ម៉ាក) ញុកចូលប្រហោងទ្វារបងផ្ទះជនរងគ្រោះ បាញ់សំដៅទៅលើជនរងគ្រោះចំនួន ២គ្រាប់ (ផ្ទុះ១គ្រាប់ មិនផ្ទុះ១គ្រាប់)។

ក្រោយមកជនរងគ្រោះបានរត់ទៅប្តឹងសមត្ថកិច្ច ឱ្យមកជួយអន្តរាគមន៍ នៅពេលជនរងគ្រោះត្រលប់មកដល់ផ្ទះវិញ ស្រាប់តែជនសង្ស័យ ដកកាំភ្លើង បាញ់ទៅលើជនរងគ្រោះ ជាច្រើនគ្រាប់ទៀត តែសំណាងល្អ កាំភ្លើងនោះមិនផ្ទុះ។

យោងតាមការបញ្ជាក់របស់សមត្ថកិច្ចមកដល់វេលាម៉ោង ១១ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ លោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបាន សម្រេចបើកការស៊ើបសួរ និងចោទប្រកាន់លើឈ្មោះ សោ ហៀម ហៅលោកគ្រូហៀម ពីបទ ប៉ុនប៉ងឃាតកម្ម និងបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា ២៧ មាត្រា ១៩៩ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ខណៈដែលត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការ ជនសង្ស័យបាន ហៅក្រុមអង្គរក្សមកការពារមួយក្រុមធំ និងជនសង្ស័យបាន ប្រើទូរសព្ទដៃ ថតរូបក្រុមអ្នកសារព័ត៌មានថែមទៀតផង៕
https://youtu.be/DXKYuXwM2d8

មតិយោបល់