កណ្តាលៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត បន្ទាប់ពីបានជិះម៉ូតូបុរសម្នាក់យកទៅបាត់ស្រមោល ហើយការឃាត់ខ្លួននេះប្រព្រឹត្តទៅ កាលពីថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័កព.ស២៥៦១ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទីព្រឹក ស្ថិតក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ជនរងគ្រោះមានឈ្មោះ សយ ចន្ថា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់កញ្ចក់
មានទីលំនៅភូមិបឹងជន្លេន ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ជនសង្ស័យឈ្មោះ យី វ័ន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងត្នោត ឃុំសូសែន្យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ចំណែកសម្ភារៈបាត់បង់ ម៉ូតូ១គ្រឿងម៉ាកSUZUKI NEX ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BT-4498។
ពាក់ព័ន្ធនឹងករណីខាងលើនេះ កន្លងមកនេះជនសង្ស័យ ជាកម្មករកាត់កញ្ចក់នៅត្រង់ចំណុចផ្ទះជនរងគ្រោះ រហូតដល់ថ្ងៃទី២០ ខែតុលារ ឆ្នាំ២០១៧ វេលាម៉ោង១១ព្រឹក ជនរងគ្រោះបានប្រើជនស្ស័យ ឲ្យជិះម៉ូតូរួចយកលុយពីរម៉ឺនរៀល ទៅទិញទឹកសុទ្ធ និងចាក់សាំង ពេលនោះជនសង្ស័យ ក៏ជិះម៉ូតូយកទៅបាត់តែម្តង ចំណែកជនរងគ្រោះ ពុំបានដាក់ពាក្យបណ្តឹង ឡើយ។
លុះដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទីព្រឹក សមត្ថកិច្ចប៉ុស្តិ៍ឬស្សីជ្រោយ បានទទួលព័ត៌មាន ពីលោកអធិការនគរបាលស្រុកមុខកំពូល ថាម៉ូតូខាងលើត្រូវបានជនសង្ស័យលួចយកមក ទើបសមត្ដកិច្ចខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ និងម៉ូតូរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកព្រៃឈរ ទើបសមត្ថកិច្ចស្រាវជ្រាវរកជនរងគ្រោះឃើញ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល រដ្ឋបាលឬស្សីជ្រោយ ដើម្បីឲ្យសមត្ថកិច្ចបន្តចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់