ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ស្ត្រីម្នាក់ត្រូវបានក្រុមជនសង្ស័យ២នាក់ ផ្ទុះអាវុធចំភ្លៅបណ្តាលឱ្យរងរបួសធ្ងន់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០២ និង២០នាទីរំលងអធ្រាត្រ ក្នុងក្លឹបលុច្សសារី ផ្ទះលេខ៥៣ ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានទទួលព័ត៌មានថា មានករណីផ្ទុះអាវុធបណ្តាលអោយរងរបួស នៅក្នុងក្លឹបលុច្សសារី។ ភ្លាមនោះកម្លាំង បានចុះដល់មន្ទីរពេទ្យកាល់ម៉ែតជួបជនរងគ្រោះ និងបានបំភ្លឺជាបន្តបន្ទាប់។
ជនរងគ្រោះឈ្មោះ នឹម លីណា ភេទស្រីអាយុ២៩ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ៥៣ ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវរងរបួសចំភ្លៅខាងស្តាំចំនួន០១គ្រាប់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ជនសង្ស័យចំនួន០២នាក់ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ប្រើប្រាស់អាវុធខ្លីមិនស្គាល់ម៉ាកចំនួន០២ដើម (ម្នាក់ដើម) ធ្លាប់ទំនាក់ទំនងដើរលេងស្គាល់គ្នា ជាមួយជនរងគ្រោះ។ ករណីផ្ទុះអាវុធ បណ្តាលអោយរងរបួសផ្តើមចេញពីការប្រចណ្ឌ។
បច្ចុប្បន្នកម្លាំងជំនាញខណ្ឌ កំពុងសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវរកជនសង្ស័យ ដើម្បីឈានដល់ការឃាត់ខ្លួនផ្តន្ទាទោសតាមច្បាប់ និងកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់