ភ្នំពេញៈ សមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ នៅសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនបុរសជនសង្ស័យម្នាក់ ទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធករណី ដាក់ថ្នាំសណ្តំ លួចរថយន្ត របស់ប្រជាពលរដ្ឋ ជាច្រើនករណី។
យោងតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ឈ្មោះ សេង វិសិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ស្រុកកំណើត ស្រុកឈូក ខេត្តកំពត។
លោកវរៈសេនីយ៍ឯក ជាវ វិបុល នាយការិល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពស់ខ្ពស់របស់
-ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ
-ឯកឧត្តម នាយឧត្តមសេនីយ៍ កង សាខន អគ្គស្នងការរងនគរបាលជាតិ ទទួលផែននគរបាលកណ្តាលយុត្តិធម៌
-ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌
និងមានការចង្អុលបង្ហាញដោយផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងដោយមានការដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ង៉េង ជួ អនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ បានសហការជាមួយនគរបាលស្នងការរាជធានីភ្នំពេញ និង នគរបាលស្នងការខេត្តកណ្តាល បានឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ សេង វិសិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ពាក់ព័ន្ធ ករណីដាក់ថ្នាំសណ្តំយករថយន្ត របស់ប្រជាពលរដ្ឋជាច្រើនលើក។
លោក វរៈសេនីយ៍ឯក ជាវ វិបុល បន្ថែមថា ការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងក្រោយពី សមត្ថកិច្ចលោកទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ ចំនួន ២នាក់ ដែលជាម្ចាស់រថយន្ត ម៉ាក សាំងយ៉ុង មួយគ្រឿង និងម៉ាក ហាយឡេនឌឺ មួយគ្រឿង ចុះថ្ងៃទី២៥ និង២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។
លោកបន្ដថា សមត្ថកិច្ចរបស់លោក បានឃាត់ខ្លួនជនសង្ស័យបាន កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចបណ្តោយផ្លូវជាតិលេខ ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខណៈរូបគេកំពុងតែរៀបចំដាក់ថ្នាំជនរងគ្រោះជាម្ចាស់រថយន្ត ម៉ាក សាំងយ៉ុង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សេង វិសិទ្ធ បានសារភាពថា រូបគេ មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត និងមានបក្ខពួកម្នាក់ទៀត (កំពុងរត់គេចខ្លួន និងទើបចេញពីគុក) ធ្លាប់បានធ្វើសកម្មភាព ដាក់ថ្នាំសណ្តំយករថយន្ត ពីជនរងគ្រោះ ចំនួន ៥លើករួចមកហើយ ធ្វើសកម្មភាពនៅខេត្តសៀមរាប ចំនួន ២លើក នៅភ្នំពេញ ចំនួន ២លើក និងខេត្តកណ្តាល ចំនួន ១លើក ដោយមានរថយន្ត ម៉ាក កូរ៉ូឡា ហាយួឡេនឌឺ និងLexus 330 នៅពេលធ្វើកម្មភាពចុងក្រោយក៏ត្រូវបែកការ សមត្ថកិច្ចចាប់បានតែម្តង។
ជនសង្ស័យអះអាងថា ខ្លួនបានធ្វើសកម្មភាពបែបនេះ ជាច្រើនខែមកហើយ តាំងពីខ្លួនបានស្គាល់ បក្ខពួកម្នាក់ទៀតទើបចេញពីគុក (កំពុងរត់គេចខ្លួន) ដោយធ្វើសកម្មភាពម្តងៗ មានគ្នា ២នាក់ និងជួនកាលធ្វើម្នាក់ឯង។
ជនសង្ស័យថា នៅពេលលួចបាន ពួកគេយករថយន្តទៅលក់នៅកាស៊ីណូ ឈ្មោះ ឃីងស្ទ័រ នៅខេត្តត្បូងឃ្មុំ ពេលចាញ់អស់បាន ដើរលួចទៀត។
ជនរងគ្រោះឈ្មោះ ផន សុផល និងឈ្មោះ រ៉ន ភា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ស្រដៀងៗគ្នាថា នៅថ្ងៃកើតហេតុ ដោយពួកគាត់ជាអ្នករត់រថយន្តឈ្នួល គឺជនសង្ស័យឈ្មោះ សេង វិសិទ្ធ បានហៅទូរស័ព្ទទៅពួកគាត់ ដើម្បីជួលរថយន្តជិះ ដោយឱ្យតម្លៃខ្ពស់។
នៅពេលជួបគ្នា តថ្លៃជួលរថយន្ត ជនសង្ស័យបាន ហៅទៅផឹកស៊ី ច្រៀងខារ៉ាអូខេ រួចដាក់ថ្នាំសណ្តំយករថយន្ត គេចខ្លួនបាត់ស្រមោលតែម្តង។
ពួកគាត់បានថ្លែងអំណរគុណចំពោះសមត្ថកិច្ចណាស់ដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យ និងរករថយន្តពួកគាត់ឃើញ និងប្រគល់ជូនពួកគាត់វិញ។
ពាក់ព័ន្ធនឹងករណីនេះ លោកវរៈសេនីយ៍ឯក ជាវ វិបុល បានអំពាវនាវ ដល់បងប្អូនដែលបានបាត់រថយន្ត សូមមកដាក់ពាក្យបណ្តឹងនៅ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរករថយន្តនោះមកវិញ។
លោកក៏បានអំពាវនាវឱ្យបងប្អូនដែលជាម្ចាស់រថយន្ត ទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ កុំទុកចិត្តគេពេកព្រោះអាចនឹងរងគ្រោះ ត្រូវគេដាក់ថ្នាំយករថយន្តដូចជនរងគ្រោះខាងលើនេះដែរ៕
មតិយោបល់