ភ្នំពេញៈ អង្គការទេសចរណ៍ពិភពលោក (UNWTO) បានព្យាករណ៍ថា ប្រទេសចិន នឹងក្លាយជាប្រទេសដែលនឹងទទួលទេសចរអន្តរជាតិ (Inbound) ច្រើនជាងគេ និងមានទេសចរចេញក្រៅប្រទេស(Outbound) ច្រើនជាងគេនៅលើពិភពលោក (ប្រមាណ២០០លាននាក់ ឬច្រើនជាងនេះ នៅឆ្នាំ២០២០ ហើយចំណាយរបស់ភ្ញៀវចិន នឹងកើនដល់៤២០ប៊ីលានដុល្លារអាមេរិក) ដែលតម្រូវឲ្យបណ្តាប្រទេសនានាលើពិភពលោកត្រៀមខ្លួនក្នុងការទាក់ទាញក៏ដូចជាទទួលស្វាគមន៍ទេសចរចិន។
ជាក់ស្តែង នៅកម្រិតសកលក្នុងឆ្នាំ២០១៤ ទេសចរចិន ដែលធ្វើដំណើរទៅក្រៅប្រទេសមានចំនួនប្រមាណ១១៧លាននាក់ កើនឡើងក្នុងអត្រា១៩,៩% (ក្នុងនោះជិត៧៥% នៃទេសចរចិន ធ្វើដំណើរក្នុងតំបន់អាស៊ី) ដោយចំណាយប្រមាណជាង២៦០ប៊ីលានដុល្លារអាមេរិក ជាមួយអត្រាកំណើន១៤,២% និងនៅឆ្នាំ២០១៥ ទេសចរចិន ធ្វើដំណើរកម្សាន្តក្រៅប្រទេសប្រមាណ១២០លាននាក់ ក្នុងនោះ មានមនុស្សវ័យចំណាស់ និងវ័យកណ្តាលប្រមាណ៧០លាននាក់។
ដោយឡែក សម្រាប់កម្ពុជា នៅឆ្នាំ២០១៥ ចំនួនភ្ញៀវទេសចរចិន មកកម្សាន្តប្រមាណ៧០ម៉ឺននាក់ ដោយមិនរាប់បញ្ចូល ចិន ហុងកុង ម៉ាកាវ និងតៃវ៉ា ចំនួននេះកើនឡើង២៤% និងឈរក្នុងលំដាប់ទី២។ សម្រាប់៤ខែ ដើមឆ្នាំ២០១៦ កម្ពុជា ទទួលបានទេសចរអន្តរជាតិប្រមាណ១,៧លាននាក់ ក្នុងនោះភ្ញៀវចិន មានចំនួនប្រមាណ២៧៥ពាន់នាក់ កើនឡើង១៣.៦% ដូច្នេះចិន ជាគោលដៅទេសចរណ៍ដ៏ធំនៅកម្ពុជា ក៏ដូចជាក្នុងតំបន់។
អនុប្រធានក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ជាតិចិន CITS និងជាប្រធានទីស្នាក់ការកណ្តាល CITS លោកស្រី YU Ningning បានបញ្ជាក់ថា នៅឆ្នាំ២០១៥ ទេសចរចិន ធ្វើដំណើរកម្សាន្តក្រៅប្រទេសប្រមាណ១២០លាននាក់ ក្នុងនោះ មានមនុស្សវ័យចំណាស់ និងវ័យកណ្តាលប្រមាណ៧០លាននាក់។ លោកស្រីថា ចិន ចាត់ទុកវិស័យទេសចរណ៍ បាន និងកំពុងបង្កើនការយោគយល់គ្នាទៅវិញទៅមក រវាងប្រជាជនគ្រប់ប្រទេស សំដៅជំរុញសន្តិភាពក្នុងតំបន់ដែលមានប្រយោជន៍មិនអាចកាត់ថ្លៃបាន ពិសេសកម្ពុជា ដែលជាមិត្តជាង២០ឆ្នាំ៕
មតិយោបល់