ព័ត៌មានជាតិ

ល្បឿនម៉ូតូស្ទាវ ជិះគេចរថយន្ត ទៅបុកក្បាលនាគខ្ទាតទៅផ្លូវម្ខាងប៉ះម៉ូតូ១គ្រឿងទៀត យុវតីម្នាក់របួសធ្ងន់

ភ្នំពេញ: នារីវ័យក្មេងម្នាក់រងរបួសធ្ងន់ និងយុវជន៣នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូសេ១២៥ជាមួយក្រុមយុវជន បើកបោះពួយល្បឿនលឿន គេចពីរថយន្តខាងមុខ ជ្រុលទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវ ផ្លោងខ្ទាតទៅបំណែកផ្លូវម្ខាងប៉ះជាមួយម៉ូតូសេ១១០បើកបរលើផ្លូវអថិភាព កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ភាគីម៉ូតូសេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GR-8695 ជិះគ្នា៣នាក់ ប្រុស២នាក់ ស្រីម្នាក់ ។ ចំណែកភាគីម៉ូតូសេ១១០ ស៊េរី២០១២ ប៊ិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BI-6949 បើកបរដោយបុរសម្នាក់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូសេ១២៥ ជិះគ្នា៣នាក់ បើកបោះពួយល្បឿនលឿនពីកើតទៅលិច លុះដល់ចំណុចកើតហេតុ វ៉ាក់អើជាមួយរថយន្តមួយគ្រឿង បើកចេញពីផ្លូវលំ ធ្វើឲ្យគេចជ្រុលទៅបុកក្បាលនាគ ខ្ទាតផ្លោងម៉ូតូទៅចូលបំណែកផ្លូវម្ខាងទៀត ប៉ះជាមួយម៉ូតូសេ១១០ ដែលបើកលើផ្លូវអថិភាពពីលិចទៅកើត ហើយក្នុងហេតុការណ៍ខាងលើ បង្កឲ្យរងរបួសធ្ងន់ស្រ្តីម្នាក់ ចំណែកបុរស៣នាក់ទៀតរងរបួសស្រាល ។

ក្រោយកើតហេតុ ស្រ្តីម្នាក់រងរបួសធ្ងន់ធ្ងរពុំស្គាល់អត្តសញ្ញាណ សូម្បីតែយុវជនទាំង២នាក់ ក៏ឆ្លើយថាមិនស្គាល់នាងដែរ គ្រាន់តែទូរសព្ទណាត់គ្នា ទៅឌុបចេញពីម្តុំមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើរលេង បន្ទាប់ពីរងរបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ជួយដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ។ ចំណែកដៃគូររួមដំណើរម្នាក់រងរបួសស្រាល ត្រូវបានក្រុមគ្រួសារ នាំទៅសម្រាកព្យាបាលរបួសនៅគ្លីនិកចោមចៅ ។ ដោយឡែកម៉ូតូមួយគ្រឿង ដែលស្រ្តីរងគ្រោះជិះជាមួយនោះត្រូវបានសមត្ថកិច្ច ឃាត់យកទៅរក្សាទុកជាបណ្តោះអាសន្ននៅផ្នែកជំនាញ រង់ចាំស្រាវជ្រាវ តាមនីតិវិធី ៕

មតិយោបល់