នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ពួកតាលីបង់នៅមិនទាន់បានប្រកាសចេញនូវសមាសភាពក្នុងរដ្ឋាភិបាលថ្មីរបស់ខ្លួននៅឡើយទេ។ ការលើកពេលប្រកាសនេះត្រូវបានពួកតាលីបង់ពន្យល់ថា កំពុងជាប់ដៃវាយយកទីតាំងចុងក្រោយរបស់កម្លាំងអ្នកតស៊ូនៅជ្រលងភ្នំផាន់ឈៀរ។ លោកនីកូឡា ហ្គោសេ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានការពារក្នុងក្រុងព្រុចសែល ប្រទេសបែលហ្សិកបានបញ្ជាក់ថា ការលើកឡើងរបស់ពួកតាលីបង់នេះគ្រាន់ជារនាំងមួយដើម្បីបិទបាំងការពិតប៉ុណ្ណោះ។ បើតាមលោកនីកូឡា ហ្គោសេ ការលើកពេលប្រកាសរដ្ឋាភិបាលថ្មីជាបន្តបន្ទាប់របស់ពួកតាលីបង់ពេលនេះ គឺមកពីពួកតាលីបង់និយាយមិនចុះសម្រុងគ្នាក្នុងការបែកចែកអំណាច។
ពួកតាលីបង់បាននិយាយខ្លួនឯងរួចហើយថា ពួកគេនឹងមិនបង្ហាញសមាសភាពក្នុងរដ្ឋាភិបាលថ្មីរបស់ពួកគេទេ ដរាបណាពួកគេនៅមិនទាន់វាយយកបានតំបន់ចុងក្រោយរបស់ក្រុមអ្នកតស៊ូនៅជ្រលងភ្នំផាន់ឈៀរនោះ។ ជាការពិត គេអាចចាត់ទុកការលើកឡើងរបស់ពួកតាលីបង់នេះដូចជារនាំងមួយអ៊ីចឹង ព្រោះថា ស្ថានការណ៍នៅជ្រលងភ្នំផាន់ឈៀរកំពុងមានភាពស្រពិចស្រពិលខ្លាំងណាស់។
វាពិតជារឿងលំបាកសម្រាប់ពួកតាលីបង់ដើម្បីបញ្ជាក់ថា ពួកគេនឹងវាយយកបានជ្រលងភ្នំផាន់ឈៀរនៅប៉ុន្មានថ្ងៃខាងមុខ។ គេមានព័ត៌មានតិចតួច ព្រោះនៅកន្លែងនោះលែងមានភ្លើងអគ្គិសនី និងលែងមានបណ្តាញទាក់ទងទៀតឡើយ។ ដូច្នេះគេមិនអាចដឹងបានថា តើក្រុមណាកំពុងមានប្រៀបជាងក្រុមណានៅក្នុងការប្រយុទ្ធគ្នាពេលនេះ។ នេះជាហេតុផលមួយដែលពួកតាលីបង់បានលើកឡើងដើម្បីបញ្ជាក់ពីការលើកពេលក្នុងការប្រកាសចេញនូវរដ្ឋាភិបាលថ្មី។
តែគេក៏ត្រូវយល់ផងដែរថាតាមពិតទៅ ការលើកពេលប្រកាសរដ្ឋាភិបាលថ្មីជាបន្តបន្ទាប់របស់ពួកតាលីបង់ពេលនេះ គឺមកពីពួកគេពិបាកនិយាយចុះសម្រុងគ្នាក្នុងការបែកចែកអំណាច កំណត់ពីសមាសភាពនៅក្នុងរដ្ឋាភិបាលថ្មី ពិសេសនៅក្នុងជម្រើសឥស្សជនដែលត្រូវឡើងកាន់អំណាច។ ពិតណាស់ បើនិយាយពីការប្រយុទ្ធនៅលើសមរភូមិសង្រ្គាមដើម្បីក្រសោបយកអំណាច ពួកតាលីបង់គ្រប់និន្នាការបានសាមគ្គីគ្នាល្អណាស់។
តែដល់ពេលត្រូវនិយាយគ្នា ត្រូវជជែកគ្នា និងត្រូវចរចាគ្នានៅលើសមរភូមិនយោបាយវិញ គឺជារឿងលំបាកបំផុត។ នេះដោយមិននិយាយពីការពង្រីកកិច្ចចរចាជាមួយភាគីផ្សេងទៀតក្រៅពីពួកតាលីបង់គ្នាឯងផង។ គេបានសង្កេតឃើញថា មានការប្រជែងអំណាចគ្នានៅផ្ទៃក្នុងតាលីបង់ ហើយនៅពេលដែលពួកគេត្រូវជជែកគ្នាពីការរៀបចំសមាសភាពរដ្ឋាភិបាលថ្មី និងពីការបែងចែកអំណាចគ្នាឲ្យស្មើភាពរវាងបក្សពួកលីបង់ខុសគ្នា គឺពិបាកជាងការវាយដណ្តើមយកអំណាចនៅទូទាំងប្រទេសដូចដែលពួកគេបានធ្វើនារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ៕


មតិយោបល់