កំពតៈ ជាងជួសជុលរថយន្តនៅយានដ្ឋាន ហៃ ចំរើន បើករថយន្តភ្ញៀវបុកមនុស្សរបួស និងជ្រុលទៅបុកផ្ទះពលរដ្ឋ រងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅមុខមន្ទីហិរញ្ញវត្ថុ ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
រថយន្តបង្កម៉ាកvisto ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AA 1075 បើកបរដោយយុវជនម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ មុខរបរជាជាងជួសជុលរថយន្ត នៅយានដ្ឋាន ហៃ ចំរើន ក្បែរកន្លែងកើតហេតុ។
បើតាមប្រភពអ្នកឃើញហេតុការណ៍បានរៀបរាប់ថា ជាងរថយន្តខាងលើ បានបើករថយន្តភ្ញៀវដើម្បីសាក រកកន្លែងខូច តែមិនដឹងជាបើកខុសបច្ចេកទេស ឬរថយន្តមានបញ្ហាទេ ស្រាប់តែបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យដួលរងរបួស រួចហួសទៅបុកផ្ទះពលរដ្ឋទើបអស់ល្បឿន។
ក្រោយកើតហេតុលោក ហៃ ចំរើន ដែលជាម្ចាស់យាន្តដ្ឋានខាងលើ បានចេញមុខសម្របសម្រួល ដោយសងសំណងភាគីម៉ូតូ សងជញ្ជាំងផ្ទះ និងសងឡានភ្ញៀវ ដើម្បីបញ្ចប់រឿង។
សូមបញ្ជាក់ថា នៅយាន្តដ្ឋានជួសជុលរថយន្ត យីហោ ហៃ ចំរើន ខាងលើនេះ ធ្លាប់មានបញ្ហាជាច្រើនលើករួចមកហើយ ដែលធ្លាប់បង្កឲ្យមានភ្លើងឆេះរថយន្តភ្ញៀវថែមទៀតផង ខណៈដែលជាងខ្វះការប្រុងប្រយ័ត្ន៕
មតិយោបល់