ព័ត៌មានជាតិ

Update៖ ចេញពីកន្លែងផឹកស៊ីជិះម៉ូតូវ៉ារថយន្ដមិនផុត ចាប់ហ្វ្រាំងបង្ខំដួលបោកក្បាលស្លាប់ម្នាក់ របួសម្នាក់

ភ្នំពេញ: បុរស២នាក់ចេញពីកន្លែងផឹកស៊ីជិះម៉ូតូលឿនវ៉ាជែងជាមួយរថយន្ដ តែវ៉ាមិនផុសចាប់ហ្វ្រាំងបង្ខំបណ្ដាលឲ្យដួលបោកក្បាលស្លាប់ម្នាក់ ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ សឿន អាយុ២៦ឆ្នាំ មុខរបរ បាញ់ថ្នាំឈើ ស្នាក់នៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ និងជនរងគ្រោះរងរបួសស្រាលឈ្មោះ ណាន ចិន្ថា អាយុ២៣ឆ្នាំ មុខរបរ បាញ់ថ្នាំឈើ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅភូមិទួលសំពណ៌ ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្ដត្បូងឃ្មុំ។
យោងតាមប្រភពព័ត៌មានពីមិត្ដភក្តិដែលរួមដំណើរជាមួយគ្នា បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុខ្លួនទាំង២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ដែលពាក់ស្លាកលេខ ភ្នំពេញ1CN-1760 ចេញពីកន្លែងផឹកស៊ីនៅជើងឯក ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បត់មកស្ដាំតាមបណ្ដោយផ្លូវ៣៧១ ក្នុងទិសដៅពីលិចមកកើតក៏បានវ៉ាជាមួយរថយន្ដមួយគ្រឿងមិនចាំម៉ាក ប៉ុន្ដែវ៉ាមិនផុសក៏ចាប់ហ្វ្រាំងបង្ខំដួលបោកក្បាលបណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឯអ្នករួមដំណើររងរបួសស្រាល។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំង២នាក់បានធ្វើដំណើរដោយមិនពាក់មួកសុវត្ថិភាពនិងមានសារធាតុស្រវឹងទៀតផង ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតបែបនេះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងនិងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ រង់ចាំយកឯកសារពាក់ព័ន្ធទើបសមត្ថកិច្ចប្រគល់ម៉ូតូជូនវិញ។ ចំណែកឯសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
//youtu.be/6U49YtOalFY

មតិយោបល់