ក្រចេះ: លោកវរសេនីយ៍ឯក ប៊ុន ឈឿន អធិការនគរបាលស្រុកសំបូរ បានប្រាប់Post News ថា សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រី៣នាក់ ពាក់ព័ន្ធករណីបទឆបោក ក្រោយពីធ្វើសកម្មភាពដើរលក់ទឹកអប់ ដែលប្រើល្បិចបោកបញ្ឆោតថាអ្នកភូមិថាទិញត្រូវរង្វាន់ទូរសព្ទ បែរជាមិនបើកឲ្យ និងជំរិតទារលុយថ្លៃសំណងទឹកអប់ទៅវិញ។
ការចាប់ឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅភូមិសំភិន ឃុំកំពង់ចាម ត្រើយម្ខាង ស្រុកសំបូរ ខេត្តក្រចេះ។
ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ សុខ ឡេង អាយុ២៧ឆ្នាំ ស្នាក់នៅភ្នំពេញ ទី២ឈ្មោះ ជុំ ថៃ ភេទស្រី អាយុ១៩ឆ្នាំ រស់នៅខេត្តព្រៃវែង និងទី៣ឈ្មោះ ប៊ិន សឿង អាយុ២៧ឆ្នាំ រស់នៅខេត្តកោះកុង។
កន្លងមកពួកគេទាំង៣នាក់ តែងតែដើរបំផុសឲ្យប្រជាពលរដ្ឋទិញ ដោយថា មានរង្វាន់ អ្នកភូមិ៣គ្រួសាររស់នៅតំបន់ដាច់ស្រយាលទាំងនោះក៏ជឿ ហើយបានហែកទឹកអប់ក៏ត្រូវរង្វាន់ទូរសព្ទ១គ្រឿង តែពួកគេមិនព្រមបើករង្វាន់ឲ្យទេដោយតម្រូវឲ្យអ្នកភូមិបង់លុយចំនួន១២០ដុល្លារ ទើបគេបើកឲ្យ ប្រសិនបើមិនព្រមបង់លុយ១២០ដុល្លារឲ្យមកពួកគេ ដើម្បីបើករង្វាន់ទូរសព្ទ ពួកគេបានសម្លុតគំរាមអ្នកភូមិឲ្យចេញថ្លៃសំណងខូចខាតទឹកអប់នោះ ដោយម្នាក់ចាប់ពី១៥ម៉ឺនរៀលឡើងទៅ អ្នកភូមិក៏ព្រមបង់លុយឲ្យទៅពួកគេក្នុងម្នាក់ៗចំនួនជាង១០ម៉ឺនរៀល តាមការសម្លុតគំរាម៕
មតិយោបល់