ព័ត៌មានជាតិ

បើកម៉ូតូជែងគ្នា ទាក់ដៃចង្កូតដួល ក៏ត្រូវរថយន្តបើកកិនស្លាប់ និងរបួស ៣នាក់

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយម៉ូតូបើកជែងគ្នា ទាក់ដៃចង្កូត ក៏ត្រូវរថយន្តបើកកិនស្លាប់ម្នាក់ភ្លាមៗ និងពីនាក់ទៀតរងរបួសស្រាល។

ហេតុការណ៍គ្រោះនេះ កើតទ្បើងនៅថ្ងៃច័ន្ទ១៣កើត ខែមាឃឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ២៩ ខែមករា គ.ស ២០១៨ វេលាម៉ោង ១៦និង៣០នាទី ចន្លោះគីឡូម៉ែត្រលេខ៣៧-៣៨នាទី ចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះទី១.ឈ្មោះ គិត សារ៉ុង ភេទ ប្រុស អាយុ ៣៧ឆ្នាំ មុខរបរកសិករជនជាតិខ្មែរ មានទីលំនៅភូមិខ្ពប ឃុំព្រែកសំបូរ ស្រុកពាមជរ័ ខេត្តព្រៃវែង (ស្លាប់) បានបើកម៉ូតូ ម៉ាក ស្មាស់វី ពណ៌ខ្មៅ ពាក់ស្កាកលេខភ្នំពេញ 1AV-0088 បើកបរក្នុងទិសដៅពីអ្នកលឿង ទៅភ្នំពេញ ទី២.ឈ្មោះ គង់ សាវី ភេទស្រីអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំជាមួយគ្នា (រងរបួសស្រាល) និងទី៣.ឈ្មោះ ឃិន ស្រេង ភេទស្រីអាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសំរោង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ រងរបួសស្រាល ត្រូវបានសម្រាកព្យាបាលនៅមណ្ឌលសុខភាពសំរោងធំ ចំណែកអ្នកបើបរថយន្ត សុំាយ៉ុងពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2AF-7086 តាកុងឈ្មោះ ផាន សម្បត្តិ ភេទប្រុស អាយុ៤៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅភូមិពោន ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (ឃាត់ខ្លួន) ។

តាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងខាងលើ ជនរងគ្រោះ បានជិះម៉ូតូធ្វើដំណើរពីអ្នកលឿងទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុ បានជែងគ្នាជាមួយម៉ូតូ១គ្រឿងទៀត ក៏ដួលខ្ទាតមកខាងឆ្វេងដៃ ស្របពេលរថយន្តខាងលើ មកដល់ក៏កិនជនរងគ្រោះស្លាប់នៅនិងកន្លែង ចំណែក ម្ចាស់រថយន្តត្រូវបានឃាត់ខ្លួន រីឯរថយន្ត និងម៉ូតូរងការខូចខាត កម្លាំងនាញចរាចរណ៍ស្រុកយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី៕

មតិយោបល់