ព័ត៌មានជាតិ

ចិនគ្រោងវិនិយោគបន្ថែមលើវិស័យទេសចរណ៍ និងហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ប្រទេសចិនគ្រោងវិនិយោគបន្ថែម លើវិស័យទេសចរណ៍ និងអាកាសចរណ៍ ដោយគ្រោងនឹងហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុប្រទេសកម្ពុជា ដើម្បីពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រទេសទាំងពីឲ្យកាន់ខ្លាំងឡើងថែមទៀត។

លោករដ្ឋមន្រ្តីទេសចរណ៍លើកឡើងដូច្នេះនៅទីស្តីការក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ ខណៈបានអនុញ្ញាតិទទួលជួបជាមួយ អតីតរដ្ឋមន្រ្តី ក្រសួងទេសចរណ៍ចិន លោក WU WENXIE និងលោក WANG ZHENGHU ប្រធានក្រុមហ៊ុនអាកាសចរណ៍ Spring Group ដើម្បីពិភាក្សាការងារ និងពិនិត្យលទ្ធផលពង្រីកការវិនិយោគលើវិស័យទេសចរណ៍និងអាកាសចរណ៍នៅកម្ពុជា។

គម្រោងវិនិយោគនោះ ត្រូវបាលោក WU WENXIE លើកឡើងថា “មានការពង្រីកសាខាក្រុមហ៊ុនអាកាសចរណ៍, ការវិនិយោគរមណីយដ្ឋានទេសចរណ៍លំដាប់ប្រណិត នៅតំបន់ឆ្នេរសមុទ្រកម្ពុជា, ការវិនិយោគលើវិស័យដឹកជញ្ជូន និងវិស័យអចលនទ្រព្យជាដើម”

លោក ថោង ខុន បានទទួលស្វាគមន៍ចំពោះគម្រោងវិនិយោគដ៏មានសារសំខាន់នេះ ពិសេសលោកបានបញ្ជាក់ជូនថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលភ្ញៀវទេសចរចិន តាមរយៈយុទ្ធសាស្រ្តទីផ្សារទាក់ទាញភ្ញៀវទេសចរចិន, សៀវភៅសស្ដីពី China Ready សម្រាប់ឧស្សាហកម្មទេសចរណ៍, ការបណ្ដុះបណ្ដាលមគ្គុទេសក៍ទេសចរណ៍ និយាយភាសាចិន, ការរៀបចំប្រព័ន្ធវាយតម្លៃបញ្ជាក់កម្រិតសេវាទេសចរណ៍ សម្រាប់ទីផ្សារទេសចរចិនជាដើម។

លោករដ្ឋមន្រ្តីជំរុញឲ្យក្រុមហ៊ុនបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗ នៅតាមតំបន់សក្ដានុពលទេសចរណ៍ ជាពិសេសតំបន់សៀមរាបអង្គរ រាជធានីភ្នំពេញ តំបន់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែសម្បូរបែប និងទាក់ទាញថែមទៀត។

គួរបញ្ចាក់ថា Spring Group ជាក្រុមហ៊ុនវិនិយោគដ៏ធំរបស់ចិនមានស្នាក់ការនៅទីក្រុងស៊ាងហៃ មានក្រុមហ៊ុន ទេសចរណ៍ និងអាកាសចរណ៍ផ្ទាល់ខ្លួន។ បច្ចុប្បន្ន ក្រុមហ៊ុនបានបើកជើងហោះហើរទៅកាន់គោលដៅ ចំនួន៣៤គោលដៅ ក្នុងនោះមានមកកម្ពុជា ចំនួន២គោលដៅ គឺពីទីក្រុង Seanghia ទីក្រុង Guangzhou និងទីក្រុង Shenzhen មកដល់រាជធានីភ្នំពេញ និងខេត្តសៀមរាប ហើយនៅពេលអនាគត ក្រុមហ៊ុនេះក៏មានគម្រោងតភ្ជាប់ជើងហោះហើរពីចិនមកខេត្តព្រះសីហនុផងដែរ៕

ចិនគ្រោងហោះមកកម្ពុជា

មតិយោបល់