កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត បើកបុកម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ ត្រូវបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យរាជធានីភ្នំពេញ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩និង២០នាទីយប់ នៅថ្ងៃច័ន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ស្ថិតលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ សេង រ៉ាដា ភេទប្រុស អាយុ៣០ឆ្នាំ(រងរបួសធ្ងន់) ជនជាតិខ្មែរ មានទីលំនៅភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទី២ឈ្មោះ សៀង វ៉ាន់ថៃ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ(របួសស្រាល)មានទីលំនៅភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មាន ពាក់ស្លាកលេខ។
មុនពេលកើតហេតុ គេឃើញរថយន្តមិនចាំម៉ាក បានធ្វើដំណើរទិសដៅពីអ្នកលឿង ឆ្ពោះទៅភ្នំពេញ ពេលបើកមកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូជនរងគ្រោះទើបចេញពីច្រៀង(ខារ៉ាអូខេ) នឹងកំពង់ជិះម៉ូតូក្នុងស្ថានភាពស្រវឹង រួចធ្វើដំណើរឆ្លងកាត់ផ្លូវជាតិ ទិសដៅពីត្បូងមកជើង ក៏ត្រូវរថយន្តបុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះទាំងពីរដួលបោកក្បាល ទៅនឹងថ្នល់រងរបួសធ្ងន់១នាក់ និងស្រាល១នាក់។ ចំណែករថយន្តបង្កបើករត់គេចបាត់ចេញពីកន្លែងកើតហេតុ៕



មតិយោបល់