បាត់ដំបងៈ កាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ មានករណីប្រើអំពើហិង្សាក្នុងគ្រួសារ បណ្តាលអោយស្លាប់ប្រពន្ធ នៅចំណុចអូរតាម៉ុន ក្រុមទី៩ភូមិ គំនរបេង ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ហឺុ ញ៉ាញ់ ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅស្នាក់បណ្តោះអាសន្នចំណុចកើតហេតុខាងលើ មុខរបរកម្មករ បានធ្វើសកម្មភាពវាយទៅលើប្រពន្ធឈ្មោះ ជ្រុន ហ៊ន ភេទស្រី អាយុ៤២ឆ្នាំ ដោយយកកាំបិតទៅកាប់ខ្សែរអង្រឹងទម្លាក់ប្រពន្ធកំពុងដេក រួចហើយក៏យកដងកាំបិតខ្វែវ វាយប្រពន្ធចំខ្នងខាងក្រោយបណ្តាលអោយហើមជាំពេញខ្នង ហើយបន្តសកម្មភាព ចាប់ក្រៀកដាល់ចំភ្នែកខាងឆ្វេងបណ្តាលអោយហើមជាំខ្មៅ និងស្នាមជាំគល់ដៃខាងឆ្វេង ដោយសារតែផឹកស្រវឹង និងប្រកែកទាស់សម្តីគ្នា។
ក្រោយពេលហេតុកើតរួចហើយនោះ ជនរងគ្រោះជាប្រពន្ធពុំបានអោយគេជូនទៅមន្ទីរពេទ្យព្យាបាលនោះទេ គឺបានសម្រាកនៅនឹងផ្ទះ លុះដល់ម៉ោងប្រហែល១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៨ ជនរងគ្រោះជាប្រពន្ធក៏ដាច់ខ្យល់ស្លាប់តែម្តង។
បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់អោយអាជ្ញាធរភូមិចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យជាប្ដី ត្រូវបានឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់